(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាស្តីពី រស់ក្នុងក្តីសង្ឃឹម ដោយមានកិច្ចសហការពីមជ្ឈមណ្ឌលសិក្សាដើម្បីជោគជ័យ ដែលមានសាមណៈនិស្សិត-និស្សិត និមន្ត និងអញ្ចើញចូលរួមប្រមាណ ៥០០អង្គនាក់ ក្រោមព្រះរាជាធិបតីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា ដែលធ្វើបទបង្ហាញដោយលោកបណ្ឌិត ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និងលោកបណ្ឌិត ឆាត សុឆេត ស្ថាបនិកបណ្ណាគារ ឆាត សុឆេត។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះបានមានព្រះរាជបន្តូលថា ការរៀបចំនូវសិក្ខាសាលានេះឡើង គឺដើម្បីឲ្យអ្នកចូលរួមទាំងអស់ បានឈ្វេងយល់ពីរស់ជាតិនៃជីវិត ដែលពោពេញដោយក្តីសង្ឃឹម ដែលប្រកបដោយគុណធម៌ សុជីវធម៌ សីលធម៌ និងសច្ចធម៌ ក្នុងជីវិតដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។

សម្តេចព្រះអភិសិរី បានមានព្រះរាជបន្តូលបន្តរថា ទន្ទឹមនិងជីវិតរស់នៅក្នុងក្តីសង្ឃឹម ប្រកបដោយគុណធម៌ សីលធម៌ជាដើមក្នុងជីវិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសង្ឃឹមថា សាមណនិស្សិត និស្សិត បានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំរបស់ខ្លួន តែងតែប្រកាន់ភ្ជាប់នូវមេត្តា សតិ បញ្ញា ដើម្បីអោយជីវិតមានឧត្តមភាព ក្នុងសង្គម។

លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរា បានថ្លែងថា ពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរា គឺជាគ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបណ្តុះបណ្តាល ដល់សាមណៈនិស្សិត និស្សិត ដោយអាហារូបករណ៌មិនបង់ប្រាក់រយៈពេល ៤ឆ្នាំពេញ ហើយមានការរៀបចំកម្មវិធីសិក្សាតាមបែបទំនើប ស្របតាមគោលការណ៌របស់ក្រសួងអប់រំ ដែលបានរៀបចំសិក្ខាសាលាផ្សេងៗ ដើម្បីពង្រឹងនូវចំណេះដឹងបន្ថែមដល់សាមណៈនិស្សិត និស្សិត ដូចជាសិក្ខាសាលានៅថ្ងៃនេះជាដើម។

លោកបណ្ឌិត ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និងលោកបណ្ឌិត ឆាត សុឆេត ស្ថាបនិកបណ្ណាគារ ឆាត សុឆេត បានធ្វើបទបង្ហាញអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដោយផ្សារភ្ជាប់និងទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ ដោយអោយមនុស្សទាំងអស់ត្រូវស្វែងរកសេចក្តីសុខដោយខ្លួនឯង តាមរយៈការខិតខំប្រឹងប្រែងសិក្សាស្វែងយល់ ដោយសេចក្តីព្យាយាមដោយ ទំនួលខុសត្រូវ កំណត់គោលដៅអោយបានច្បាស់លាស់ ហើយអ្វីដែលនាំអោយយើងសម្រេចបាននោះគឺសេចក្តីស្មោះត្រង់ សច្ចភាព ព្រមទាំងគុណធម៌ផងដែរ៕