(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងស្ថាប័នពាក់ព័ន្ធបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមផ្សារទំនើប និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ងៀតបបែល ត្រីប្រឡាក់ ឈាមជ្រូក ខ្ញីហាន់ ជ្រក់ស្ពៃ សណ្តែកបណ្តុះ តៅហ៊ូ និងប្រេងឆា ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ មានសារធាតុគីមីហាមឃាត់ នៅលើងៀតបបែលចំនួន១គីឡូក្រាម នៅតូបឈ្មោះ ឡាយ ពៅ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញខាងលើ យកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកំទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕