(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធានការរក្សាតម្លៃឱ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ»។

យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួលស្ថិរភាពតម្លៃស្រូវនារដូវប្រមូលផល។

មន្ត្រីដែលបង្ហាញវត្តមាន ដើម្បីពន្យល់បកស្រាយលើបញ្ហាទាំងនេះ រួមមានមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មកពីធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមការសម្របសម្រួលរបស់ លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សន្និសីទព័ត៌មាននេះ មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់ Fresh News និងបណ្តាញផ្សព្វផ្សាយដទៃទៀតរបស់ Fresh News មានដូចជាលើ App របស់ Fresh News, គេហទំព័រ Fresh News, Facebook Page និង Youtube ផងដែរ។

សូមបញ្ជាក់ថា ការរៀបចំសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងចំពេលមានការរអ៊ូរទាំរបស់កសិករ និងការលើកឡើងពីមជ្ឈដ្ឋានមួយចំនួន ពាក់ព័ន្ធការធ្លាក់ថ្លៃស្រូវក្នុងរដូវប្រមូលផលនៅក្នុងឆ្នាំ២០១៩នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចទម្លាក់ថវិកាប្រមាណ ៥០លានដុល្លារអាមេរិកទៅឱ្យធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទម្លាក់បន្តទៅដល់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាអ្នករកស៊ីទិញស្រូវដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋ។

ជាមួយការទម្លាក់ថវិកានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកប្រមូលទិញស្រូវពីប្រជាពលរដ្ឋមិនត្រូវទម្លាក់ថ្លៃស្រូវពីប្រជាពលរដ្ឋនោះឡើយ ពោលត្រូវប្រមូលទិញក្នុងតម្លៃសមរម្យ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា តម្លៃស្រូវនាពេលបច្ចុប្បន្នស្ថិតនៅក្នុងចន្លោះពី ៧២០រៀល ទៅ១,៣០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះស្ថិតតាមប្រភេទស្រូវ ក្នុងនោះស្រូវចម្រុះសើមតម្លៃ ៧២០រៀល ទៅ៧៥០រៀល, ស្រូវចម្រុះស្ងួតតម្លៃ ៩០០រៀល ទៅ ៩៥០រៀល, ស្រូវធ្ងន់សើមតម្លៃ ៨៥០រៀល, ស្រូវធ្ងន់ស្ងួតតម្លៃ ១,៣០០រៀល, ស្រូវអ៉ីអ៊ែតម្លៃ ៨៣០រៀល, ស្រូវក្រអូបសើមតម្លៃ ៩៥០រៀល ទៅ១,០០០រៀល, ស្រូវក្រអូបស្ងួតតម្លៃ ១,២៥០រៀល ទៅ១,៣០០រៀល៕