(មណ្ឌលគិរី)៖ បុរសម្នាក់ត្រូវឆ្កែនៅក្នុងភូមិខាំ រំលងបានប៉ុន្មានថ្ងៃស្រាប់តែមានអាការៈប្រកាច់ បែកពពុះមាត់ និងមានព្រុសសំឡេងលូ ដូចជាសត្វឆ្កែឆ្កួត បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោយមកត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ។
សាច់ញាតិអ្នកជំងឺបានឲ្យដឹងថា មុនអ្នកជំងឺមានសភាពស្រែក លូដូចសត្វឆ្កែ កាលប៉ុន្មានថ្ងៃមុនគាត់ត្រូវបានកូនឆ្កែខាំ តែមិនដឹងថា ខាំត្រូវចំកន្លែងណានោះទេ។ លុះរំលងបានប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី១៦ ខែធ្នូ ជនរងគ្រោះ និងមិត្ដភ័ក្របានហូបស្រាស ក្លែមជាមួយសាច់ឆ្កែ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានអាការៈប្រកាច់ បែកពពុះមាត់ និងព្រុសសំឡេងដូចសត្វឆ្កែតែម្ដង។
ដោយឃើញពីស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ សាច់ញាតិបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែដោយសភាពអ្នកជំងឺពិបាក ក្នុងការសង្គ្រោះ គ្រូពេទ្យបានឲ្យបញ្ជូនទៅភ្នំពេញ។ សាច់ញាតិដដែល បានឲ្យដឹងទៀត រហូតដល់រសៀលថ្ងៃទី១៧ ខែធ្នូ ជនរងគ្រោះឈ្មោះ យាន យ៉ុន អាយុ៣៥ឆ្នាំ បែរជាត្រូវគេដឹកយកទៅដល់ស្រុកកំណើតរបស់គាត់ នៅខេត្តត្បូងឃ្មុំវិញ តាមរថយន្តឈ្នួលដោយមិនបានបញ្ជូនទៅពេទ្យនៅភ្នំពេញទេ។ ខណៈស្ថានភាពជំងឺត្រូវបានគ្រួសារថា ម្តងធ្វើទុក្ខខ្លាំង ម្តងខ្សោយ បន្ទាប់ពីបានផឹកថ្នាំខ្មែរ។
សូមជំរាបថា ជនរងគ្រោះឈ្មោះ យាន យ៉ុន អាយុ៣៥ឆ្នាំនោះ មានប្រពន្ធ និងកូនរស់នៅខេត្តត្បូងឃ្មុំ មុនពេលទៅធ្វើការ ជាជាងដែកនៅស្រុកអូររាំងតែម្នាក់ឯង អស់រយៈពេល២ខែ។ ជំងឺចម្លែកនេះ នៅមិនទាន់មានវេជ្ជបណ្ឌិតណាអះអាងថា ជាជំងឺអ្វីនោះទេ។
បើតាមសេចក្ដីរាយការណ៍ចុងក្រោយ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ដោយសារតែគ្រូពេទ្យ មិនហ៊ានព្យាបាលទើបគាត់បានរកគ្រូខ្មែរ និងបានសាកថ្នាំខ្មែរនោះច្រើនដង ហើយពេលនេះជនរងគ្រោះបានធូរស្រាលបន្ដិចហើយ ប៉ុន្ដែក្រុមគ្រួសារ នឹងបញ្ជូនទៅពេទ្យសាជាថ្មី ដើម្បីពិនិត្យឈាម និងតាមដានការវិវត្តន៍នៃជំងឺនោះ៕