(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាប មេក្លោងចែកចាយគ្រឿងញៀន ជនជាតិនីហ្សេរីយ៉ា ២នាក់ តាមផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ក្រុម៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ពេលនោះជនសង្ស័យម្នាក់ បានរត់គេចខ្លួនចូលទៅក្នុងទឹកត្រពាំងបាត់រយៈពេល២ថ្ងៃ ស្រាប់តែប្រទះឃើញសព អណ្តែតទឹកត្រពាំង ក្នុងក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ បង្កឲ្យភ្ញាក់ផ្អើលនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
គួរជម្រាបថា កាលពីថ្ងៃប្រតិបត្តិការទី១៦ ខែធ្នូ កម្លាំងអាវុធចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាបានម្នាក់ ដកហូតបានថ្នាំញៀនជាង៣គីឡូក្រាម ចំណែកជនសង្ស័យម្នាក់ (សាកសពខាងលើ) បានរត់គេចខ្លួនផ្លោះរបងចូលទៅក្នុងត្រពាំងទឹកបាត់ ដោយមេឃយប់ងងឹត សមត្ថកិច្ចស្វែងរកជនសង្ស័យមិនឃើញ ក៏បានដកកម្លាំងចេញទៅបាត់។
ប្រជាពលរដ្ឋនឹកថា ជនសង្ស័យគ្រឿងញៀន រត់គេចខ្លួនបាត់ស្រមោលហើយ ស្រាប់តែ២ថ្ងៃក្រោយ ខណៈដែលប្រជាពលរដ្ឋចុះបេះត្រកួន នៅត្រពាំងទឹកខាងលើ ប្រទះឃើញសាកសពអណ្តែតទឹក បង្កការភ្ញាក់ផ្អើលឆោឡោ ពលរដ្ឋជុំវិញចោមរោមមើលទើបដឹងថា ជនសង្ស័យដែលរត់គេចពីកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនកាលពី២ថ្ងៃមុន ស្លាប់ក្នុងត្រពាំងទឹក រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញ បុរសសពជនជាតិស្បែកខ្មៅខាងលើនោះ ក្រុមសមត្ថកិច្ចជំនាញកោសល្យវិច័យ រាជធានីភ្នំពេញ បានធ្វើការពិនិត្យឃើញថា សពខាងលើត្រូវបានស្លាប់ដោយសារលង់ទឹក។
ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន ឈ្មោះ FRANK UBALE អាយុ៥០ឆ្នាំ និងគ្រឿងញៀនជាច្រើនប្រភេទ រួមមានក្រាមពណ៌សថ្លា ១៨កញ្ចប់ ស្មើ២,៩០០.២ក្រាម, ម្សៅពណ៌ស០៧កញ្ចប់ ស្មើ៤១.១១ក្រាម, ថ្នាំគ្រាប់ចម្រុះពណ៌៩៨គ្រាប់ ស្មើ៥០.៩៣ក្រាម ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕