(កណ្ដាល)៖ សំណូមពរ ក្តីកង្វល់ និងបញ្ហាប្រឈមនានាជាច្រើនរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងស្រុកអង្គស្នួល ត្រូវបានអាជ្ញាធរខេត្តកណ្តាល ធ្វើការសម្របសម្រួល ដោះស្រាយបានទាន់ពេលវេលា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។
វេទិការនេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល។
លោក នួន ផា បានបញ្ជាក់ពីគោលបំណងនៃការបើកវេទិកានេះ គឺដើម្បីផ្ដល់ឱកាស លើកទឹកចិត្តដល់ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ចូលរួម បញ្ចេញមតិយោបល់ របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដែលកើតមានកន្លងមក ព្រោះថាវាជាសិទ្ធិ មូលដ្ឋានរបស់ខ្លួន ក្នុងការលើកឡើងបញ្ហាប្រឈមនានា និងចំណុចខ្វះខាត របស់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអង្គវេទិកាជួយសម្របសម្រួល ដោះស្រាយឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរ លោក នៃ ចារី បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីក្លាហានរបស់មន្ត្រីរាជការប្រជាពលរដ្ឋ ដែលហ៊ានលើកឡើងនូវក្តីកង្វល់របស់ខ្លួន ដោយធ្វើការរិះគន់ អាជ្ញាធរមូលដ្ឋានដើម្បីស្ថាបនា ក្នុងទិសតែមួយគត់ធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន មានការរីកចម្រើនឈានឡើងបន្ថែមទៀត។
លោកអភិបាលរងខេត្ត បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាសាធារណៈ សេចក្តីត្រូវការជូនប្រជាជនឲ្យបានត្រឹមត្រូវ មានកម្លាភាព គណនេយ្យភាព ជៀសវាងប្រជាជនមានការថ្នាំងថ្នាក់ បាត់ការជឿជាក់លើដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ៕