សម្ដេចតេជោ ហ៊ុន សែន ឯកភាពលើសំណើ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដោយបន្តអនុគ្រោះពន្ធពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ (Video inside)
18-12-2019 20:50
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពតាមសំណូមពររបស់ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដោយបន្តអនុគ្រោះពន្ធបន្តទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។
ការឯកភាពនេះបានធ្វើឡើង នៅក្នុងឱកាសដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យថ្នាក់ដឹកនាំ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដឹកនាំដោយ លោក ហេង វ៉ាន់ដា ចូលជួបសវនាការ នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ហេង វ៉ាន់ដា រាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រយៈពេលមួយឆ្នាំកន្លងមក។ ឆ្លៀតក្នុងនោះ លោកបានស្នើសុំការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសុំសេចក្ដីសម្រេចលើបញ្ហា៣ ដែលរួមមាន ទី១៖ គឺបន្តការអនុគ្រោះលើបញ្ហាពន្ធ ដូចរយៈពេលកន្លងមក គឺអនុគ្រោះពន្ធពីឆ្នាំ២០២០ ដល់២០២៣, ទី២៖ គឺការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា និង ទី៣៖ គឺការពង្រីកវិសាលភាពគរុកោសល្យ។ ក្នុងនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីចំណុច៨ទៀត ដែលមានការស្នើសុំជាលាយល័ក្ខអក្សរតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត បានបន្តថា៖ ជាការឆ្លើយតបទី១ សម្ដេចតេជោ បានឯកភាពលើបញ្ហាបន្តអនុគ្រោះពន្ធពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ បន្តទៀត។ ចំណុចមួយទៀតពាក់ព័ន្ធនឹងការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យ សម្ដេចតេជោ បានមានប្រសាសន៍ថា ករណីនេះត្រូវធ្វើតាមរយៈវិទ្យាស្ថានជាតិអប់រំ បណ្ដុះបណ្ដាលគរុកោសល្យដែលមានស្រាប់។
លោកបានបន្តថា ចំណុចពិសេសដែលនៅក្នុងសំណើ៨ ក្រៅពីសំណើចំនួន៣ ដែលបានលើកឡើងដោយ លោក ហេង វ៉ាន់ដា នោះគឺការស្នើសុំ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាបើកការបណ្ដុះបណ្ដាលជំនាញសុខាភិបាល នោះគឺសាកលវិទ្យាល័យអន្តរជាតិ បានស្នើសុំបើកសាខានៅខេត្តកំពត គឺសំណើនេះ សម្ដេចតេជោ សម្រេចថា មិនអនុញ្ញាតទេ។
លោក អ៊ាង សុផល្លែត បានបន្តថា៖ រីឯចំណុចជាបញ្ហាកង្វល់ និងសំណើដទៃទៀត សម្ដេចតេជោ បានធ្វើការណែនាំ ជូនលោក ហ៉ីង ថូរ៉ាក់ស៊ី ចេញជាសារាចរណ៍ណែនាំតែម្ដង៕