(កោះកុង)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកចំនួន៦០នាក់ ដាំដើមកោងកាងចំនួន ៣,០០០ដើម នៅតំបន់សហគមន៍ជ្រោយស្វាយ ដែលមានទីតាំងស្ថិតនៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ។

លោក គង់ សៀងហ៊ីម បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា៖ «ខ្ញុំ និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ពិតជាមានភាពរីករាយ និងមានមោទនភាពណាស់ ដែលបានមករួមចំណែកក្នុងសកម្មភាពសង្គមមួយនេះ។ ពួកយើងម្នាក់ៗបានតាំងចិត្តថា នឹងត្រូវធ្វើឲ្យបាន បើទោះជាត្រូវនៅហាលថ្ងៃ ត្រាំក្នុងទឹកសមុទ្រ ដើម្បីដាំកូនកោងកាងឲ្យបានសរុប៣,០០០ដើម»

លោក សៀងហ៊ីម បានបញ្ជាក់ថា ការរួមចំណែករបស់ក្រុមការងារក្រុមហ៊ុន ជីប ម៉ុង នៅក្នុងថ្ងៃនេះ នឹងក្លាយជាគំរូល្អ ក៏ដូចជាការជំរុញទឹកចិត្តដល់សាធារណជនឲ្យចូលរួមដាំដើមឈើទាំងអស់គ្នា។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិក មកកាន់សហគមន៍ជ្រោយស្វាយ ដើម្បីដាំដើមកោងកាង។ សរុបក្នុងការដាំកោងកាងទាំងពីរលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បានដាំចំនួន៦,០០០ដើមហើយ។

បន្ថែមពីលើសកម្មភាពបរិស្ថាន ក្រុមហ៊ុនក៏បាននាំយកភេសជ្ជៈ នំស្រួយហាណាមិ ក៏ដូចជាសម្ភារសិក្សា និងកីឡាជូនដល់សិស្សានុសិស្សចំនួន៨០នាក់ និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកំពង់ស្តាំ ស្ថិតនៅភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕