(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣៖៥៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F3) មូលហេតុដោយសារតែមានក្រុមហ៊ុន TOA Corporation ដាំដែកស៊ីផាយដើម្បីទប់ដីដាក់លូនិងរៀបចំប្រព័ន្ធចំរោះទឹកធ្វើឲ្យប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវ១៣៦ ផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល វិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (២)ផ្លូវ១៦០ វិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (៣)ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(៤) ផ្លូវផ្សារតូច ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤៖៤៩នាទីរសៀល៕