(កំពង់ធំ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញទៅកាន់ពហុកីឡាដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីរៀបចំជាទីព្រះស្រែ សម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំជូត ទោស័ក ព-ស ២៥៦៤ ក្នុងពេលខាងមុខនេះ។
អញ្ជើញចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នាឱកាសនោះដែរ មានវត្តមាន លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង, លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំង ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិនិងមន្រ្តីរាជការក្នុងស្ថាប័ន មន្ទីរពាក់ព័ន្ធ និងស្រុកក្រោមឱវាទរបស់ខេត្តកំពង់ធំ។
វត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល បានពិនិត្យមើលទីតាំង សម្រាប់ការសាងសងព្រះពន្លាជ័យ ទីតាំងសម្រាប់ការរៀបចំស្តង់ពិព័រណ៌ ផលិតផល របស់បណ្តាក្រសួងពាក់ព័ន្ធ និងស្ថានប័ន មន្ទីរ ស្រុករបស់ខេត្តកំពង់ធំ ក៏ដូចជាការរៀបចំទីកន្លែង សម្រាប់មហាជន ប្រជារាស្ត្រ ចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដ៏ឧត្តុងឧត្តមនេះ។
ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង បានជួបសំណេះសំណាលដោយបានផ្តល់ ជាមតិយោបល់ណែនាំដល់គ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធគប្បីយកចិត្តទុកដាក់ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តន៍នូវរាល់ភារកិច្ចជំនាញគ្រប់ផ្នែកទាំងអស់ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីការ ការរៀបចំវេទិកាស្តង់ពិព័រណ៌ផលិតផលកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរនិងតាមបណ្តាស្រុកក្រោមឱវាទរបស់ខេត្តកំពង់ធំ និងកិច្ចការសំខាន់ៗមួយចំនួនទៀតឲ្យសម្រេច ទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត។
អង្គប្រជុំបានពិគ្រោះពិភាក្សា ក្នុងស្មារតីយកចិត្តទុកខ្ពស់គោរពទៅតាមគោលការណែនាំដ៏វិសេសវិសាល របស់សម្តេចចៅហ្វាវាំងប្រធានអង្គប្រជុំ សំដៅធ្វើយ៉ាងណាឲ្យភារកិច្ចជំនាញ នីមួយៗសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅក្នុងខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រកបទៅដោយសភាពដ៏មហោឡារឹកអធឹកអធមបំផុត ដើម្បីនាំមកនូវមង្គលវប្បកម្មដ៏ប្រសើរក្នុងរបរកសិកម្មស្រែចំការ របស់កសិករកម្ពុជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវភោគផលដ៏សម្បូរហូរហៀរក្នុងឆ្នាំក្រោយនេះ៕