(សៀមរាប)៖ ពលរដ្ឋពីរនាក់នៅភូមិតានី និងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់កុលាលភាជន៍បុរាណចំនួន ២ ជូនអាជ្ញាធរជាតិអប្សរា ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។
ការប្រគល់នេះធ្វើឡើងនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។
កុលាលភាជន៍ទាំងពីរនេះ ទី១គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុ យ គ្មានស្រទាប់រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះទេ គឺក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវនៅពេលក្រោយ។
ភាជន៍ «កុណ្ឌី» បានរកឃើញនៅឆ្នាំ២០១៨ ចំណែកភាជន៍ធំវិញមានរូបរាងស្អាត ល្អ តែបែកមាត់មួយចំហៀង មានកម្ពស់៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត៕