(បាត់ដំបង)៖ ករណីឃាតកម្មសម្លាប់អ្នកគ្រូបង្រៀនម្នាក់ នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់បានជនដៃដល់ហើយ គឺជាប្ដីរបស់ជនរងគ្រោះ និងជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន។
ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយកើតហេតុភ្លាម និងមានការស្រាវជ្រាវយ៉ាងយកចិត្ដទុក ទីបំផុតកម្លាំងជំនាញរបស់លោកបានកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួន បានជនដៃដល់តែម្ដង នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គឺជាប្ដីរបស់ជនរងគ្រោះ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា ជនដៃដល់ឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ។ ដោយឡែក មូលហេតុដែលនាំឲ្យកើតអំពើឃាតកម្មនេះ ដោយសារតែជនដៃដល់ប្រច័ណ្ឌជនរងគ្រោះជាមួយអតីតសង្សា ហើយជនដៃដល់ក៏ជាមនុស្សមានសារធាតុញៀន នៅក្នុងខ្លួនផងដែរ។ បន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមជម្រាបថា សពអ្នកគ្រូបង្រៀនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសង្ស័យករណីរំលោភសម្លាប់ ក្រោយបាត់ខ្លួនកាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកគ្រូ បានសុំទៅនាយកសាលាចេញមុនម៉ោងថា កូនឈឺ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនម្នាក់ ជាមុខរបរជាគ្រូបង្រៀនបឋមសិក្សាភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត៕