(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា គ្រូពេទ្យទាំងអស់ ដែលមិនទាន់បាន ចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាច់ខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកសាស្ត្រាចារ្យ ធា គ្រុយ អញ្ជើញជាអធិបតីភាព ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី៦ នៅខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្នុងនោះ ក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ, លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរ និងជាប្រធានគណៈគ្រូពេទ្យខេត្ត រួមជាមួយវត្តមានរបស់តំណាង គណៈគ្រូពេទ្យ នៅតាមបណ្ដាខេត្តជុំវិញរួមមានខេត្ត៖ កំពង់ចាម, កំពង់ធំ, ក្រចេះ, ព្រៃវែង ស្វាយរៀង និងវត្តមានរបស់វេជ្ជបណ្ឌិត, គ្រូពេទ្យ មកពីគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងខេត្ត។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រូពេទ្យទាំងអស់ ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាច់ខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ ហើយចំពោះគ្រូពេទ្យ ត្រូវតែមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ របស់គណៈគ្រូពេទ្យ ទើបអាចធានាបានថា ជាគ្រូពេទ្យមួយដ៏ពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់»។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបញ្ជាក់ថា គ្រូពេទ្យមួយដ៏ពេញលេញ គឺមានន័យថា មានវិជ្ជាជីវៈមាំទាំថ្លៃថ្នូរ ទាន់សម័យការជឿនលឿនសុច្ចរឹតត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ មិនធ្វើអីដែលមិនគួរធ្វើ មិនត្រូវធ្វើបំពេញការងារម៉ត់ចត់ម៉ឹងម៉ាត់ ប្រយ័ត្នប្រយែងខ្ពស់ និងមិនត្រូវប្រហែសជាដាច់ខាត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានឲ្យដឹងដែរថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ គ្របដណ្តប់ទាំង៧ក្រុងស្រុក ដែលមានមន្ទីរពេទ្យបង្អែកចំនួន៦, មណ្ឌលសុខភាពចំនួន៧១ និងប៉ុស្តិ៍សុខភាពចំនួន២ ដោយមានវេជ្ជបណ្ឌិត គ្រូពេទ្យ ឧសថការី ទណ្ឌបណ្ឌិតសរុបមានចំនួន ១០២១នាក់ ស្រី៤៦៧នាក់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បន្ដថា ចំពោះការផ្តល់សេវាសុខាភិបាលឯកជនទូទាំងខេត្ត ទាំងមន្ទីរសំរាកព្យាបាល បន្ទប់សម្រាកគ្រប់ប្រភេទ និងឪសថស្ថានមានសរុប៧៧៧កន្លែង។
លោកវេជ្ជបណ្ឌិត ឆន មុនី ក្នុងនាមជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានអំពាវនាវដល់លោក-លោកស្រី ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់ មកចុះបញ្ជីគណៈគ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងការគោរពច្បាប់ វិជ្ជាជីវៈសុខាភិបាល និងធានាឲ្យបាននូវការ ផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ៕