(ហុងកុង)៖ មនុស្សយ៉ាងហោចណាស់ ០៥នាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុង នៅលើផ្លូវហៃវ៉យ៍ហ្វានលីង (Fanling) ស្ថិតនៅក្បែរសង្កាត់គ្វូតុង (Kwu Tung) នៃទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុក្រឡាប់រថយន្តក្រុងនោះ ក្រុមសង្គ្រោះបានទៅដល់ ហើយក៏បានព្យាយាមចូលទៅក្នុងរថយន្ត ដែលបានខ្ទេចខ្ទីអស់មួយចំហៀង ដើម្បីសង្គ្រោះអ្នកដំណើរចេញជាបន្តបន្ទាប់។ ក្រោយការពិនិត្យទើបប៉ូលិសដឹងថាមនុស្សសរុប ០៥នាក់បានស្លាប់ និងជាង ៣០នាក់រងរបួសធ្ងន់-ស្រាល។
គួរបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗនៅរសៀលថ្ងៃពុធនេះ ប៉ូលិសបានធ្វើការបិទផ្លូវម្ខាងនៅត្រង់កន្លែងកើតហេតុ ជាបណ្តោះអាសន្ន។ សម្រាប់មូលហេតុចម្បងដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ៕