(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគី កម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី «ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង» នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា កិច្ចសន្ទនាទ្វេភាគីនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ បានមកជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងធាតុចូលផ្សេងៗ ដើម្បីស្វែងរកការរីកចម្រើន លើវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង។ ជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន និងដៃគូអភិវឌ្ឍ ក្រុមហ៊ុន និងសហគមន៍កសិកម្មស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍» ឲ្យកាន់តែស៊ីជម្រៅពេញលេញ និងគ្រប់ជ្រុងជ្រោយ។
លោកបញ្ជាក់ថា «កិច្ចសន្ទនានេះប្រាកដជានឹងជួយពង្រឹងសមត្ថភាពវិស័យឯកជនកម្ពុជា លើការងារបច្ចេកទេសផ្នែកខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ដើម្បីបង្កើនសក្តានុពល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម»។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគក្នុង និងក្រៅប្រទេស បាននិងកំពុងបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្ម មានជាអាទិ៏ ផ្នែកផលិតកម្មកសិកម្ម ការកែច្នៃកសិផល កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ ក្នុងនោះ ក៏មានក្រុមហ៊ុនជប៉ុនផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាកសិករកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន ចង់ឃើញក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគ កាន់តែច្រើនថែមទៀត ដើម្បីពង្រីកឱកាសឲ្យដល់កសិករ ឬអ្នកផលិតនៅទីជនបទ អាចទទួលបានការងារ រៀនសូត្រចំណេះជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឲ្យបានពេញលេញ និងសមស្របទៅតាមបរិបទ នៃកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
ឯកអគ្គរាជទូតជប៉ុន លោក MIKAMI Masahiro បានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលយើងបានឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ន។
លោកបន្ដថា ជាការពិតដើម្បីឲ្យវិស័យនេះ មានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជំរុញឲ្យបានសកម្ម និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហា ដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែមជំរុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែង ដើម្បីនាំចេញ។
ឯកអគ្គរាជទូតសង្ឃឹមថា កិច្ចសន្ទនានេះ នឹងផលិតបានធាតុចូលសំខាន់ៗ សម្រាប់ជាទុនគ្រឹះ ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ហើយពិតណាស់សង្ឃឹមថា ក្រុមហ៊ុនដែលចូលរួម នៅពេលនេះ និងចែករំលែក ចំណេះជំនាញបទពិសោធន៍ ធ្វើយ៉ាងណាឲ្យកិច្ចសន្ទនានេះ ដំណើរទៅដោយរលូន និងផលិតបានលទ្ធផលយ៉ាងល្អប្រសើរ សម្រាប់ភាគីពាក់ព័ន្ធយកទៅប្រើប្រាស់ ជាប្រយោជន៍ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះ៕