(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកស្វាយជ្រំ មានការរៀបចំដាក់ដេញថ្លៃគម្រោងស្តារអាងធម្មជាតិ និងស្តារប្រឡាយសរុប ៩គម្រោង ដោយមានក្រុមហ៊ុនចំនួន ២៣ក្រុមហ៊ុន មកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងក្រុមហ៊ុនក្នុងខេត្តស្វាយរៀង ចុះឈ្មោះចូលដេញថ្លៃ។
ជាលទ្ធផល មានតែក្រុមហ៊ុនជាង ១០ក្រុមហ៊ុន ក្នុងខេត្តស្វាយរៀង ដាក់សំបុត្រដេញថ្លៃក្រុមហ៊ុន ដែលនៅខេត្តផ្សេងបានដើរចេញពីកន្លែងដេញថ្លៃយ៉ាងស្ងាត់ស្ងៀម។ ហើយពេលបើកសំបុត្រដេញថ្លៃ គឺជាប់០៦គម្រោង គ្មានក្រុមហ៊ុនដាក់ដេញថ្លៃ ២គម្រោង និង ១គម្រោងគ្មានសុពលភាព។
បើតាមអ្នកចូលដេញថ្លៃម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនដែលមកចុះឈ្មោះដាក់ដេញថ្លៃ ហើយដើរចេញមិនដាក់ប្រអប់សំបុត្រដេញថ្លៃនោះ គឺមកពីដេញថ្លៃក្រៅសៃវៀន ឬហៅឲ្យស្រួលស្តាប់ថា និយាយថ្លៃទឹកតែមិនត្រូវ ឬគេហៅថាបែកគម្រោង ដោយកន្លងមកអ្នកខ្លះមកចូលរួម មិនចង់ដាក់ដេញថ្លៃទេ គឺពួកគេមកទាមទារតថ្លៃយកទឹកតែ១លានរៀល ២លានរៀល អ្នកខ្លះទាទឹកតែរហូតដល់២ពាន់ដុល្លារក៏មាន ដោយប្តូរមិនដាក់ប្រអប់សំបុត្រដេញថ្លៃ គេយកប្រាក់ត្រឡប់ទៅស្រុកវិញ ក៏ប៉ុន្តែលើកនេះ មានអ្នកជំនាញឯកទ្ទេសឯករាជ្យមកពីក្រុមហ៊ុនឯកជន ចុះពិនិត្យការដេញថ្លៃ និងតាមពិនិត្យវាយតម្លៃការអនុវត្តដំណើរការដេញថ្លៃ និងអនុវត្តគម្រោងទើបពួកគេដើរចេញមិនចូលរួមដេញថ្លៃ។ ហើយការដេញថ្លៃនេះដែរ ក្រុមហ៊ុនសុគន្ធសម្បត្តិ 555 ទទួលបានចំនួន ០៤គម្រោង។
គម្រោងទាំងនោះ រួមមាន៖
ទី១៖ ឃុំគ្រួសគម្រោងស្តារអាងធម្មជាតិ មាត់លើ២៥ម៉ែត្រ ជម្រៅ២,៥០ម៉ែត្រ បាតក្រោម១៥ម៉ែត្រ ដាក់លូ២កន្លែង ស្លាកសញ្ញាគម្រោង១ ដែលមានតម្លៃប៉ាន់ស្មាន ១៧០,០៨៨,៧០០រៀល អ្នកដេញថ្លៃឈ្មោះ វ៉ា ចាន់រី តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ 555 ដេញបានតម្លៃទាប ៩៨,០០០,០០០រៀល។
ទី២៖ ឃុំឈើទាលគម្រោងស្តារប្រឡាយមួយខ្សែ ប្រវែង១,៧៧០ម៉ែត្រ ជម្រៅមធ្យម២,២៥ម៉ែត្រ បាតក្រោម១,៥០ម៉ែត្រ ដាក់លូ២កន្លែង និងដាក់ស្លាកគម្រោង១ តម្លៃប៉ានស្មាន៩១,៦៩៧,៨០០រៀល អ្នកដេញថ្លៃឈ្មោះ វ៉ា ចាន់រី ក្រុមហ៊ុនសុគន្ធសម្បត្តិ 555 ដេញបានតម្លៃទាប៥៧,៨៦០,០០០រៀល។
ទី៣៖ ឃុំតាសួសគម្រោងស្តារប្រឡាយដីប្រវែង០,៨៧០គីឡូម៉ែត្រ ជម្រៅ១,៧ម៉ែត្រ បាតក្រោម១,៥ម៉ែត្រ ដាក់លូ២កន្លែងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន៤៦,៧១៨,៧០០រៀល។ អ្នកដេញថ្លៃឈ្មោះ វ៉ា ចាន់រី ក្រុមហ៊ុនសុគន្ធសម្បត្តិ 555 ដេញតម្លៃទាប២៩,៩២០,០០០រៀល។
ទី៤៖ ឃុំក្រោលគោ គម្រោងស្តារប្រឡាយប្រវែង៦០០ម៉ែត្រ ជម្រៅ១,៤៥ម៉ែត្រ បាតក្រោម១,៥ម៉ែត្រ ដាក់លូ៨កន្លែងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន៨៥,៤៤២,៣០០រៀល។ អ្នកដេញថ្លៃឈ្មោះ វ៉ា ចាន់រី ក្រុមហ៊ុនសុគន្ធសម្បត្តិ 555 ដេញតម្លៃទាប៦០,០០០,០០០រៀល។
ទី៥៖ ឃុំស្វាយយាគម្រោងស្តារប្រឡាយ១ខ្សែ ប្រវែង២,៣៥០ម៉ែត្រ បាតក្រោម២ម៉ែត្រ ជម្រៅ០,៨៩ម៉ែត្រ ដាក់លូកាត់ប្រឡាយ០១កន្លែង និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន៦០,០៨៥,៧០០រៀល។ អ្នកដេញថ្លៃឈ្មោះ អ៊ុន វិរៈ ក្រុមហ៊ុនថេងវណ្ណថេ 666 ដេញបានតម្លៃទាប៤០,៤៣០,០០០រៀល។
ទី៦៖ ឃុំបាសាក់គម្រោងស្តារប្រឡាយប្រវែង១,៤០០ម៉ែត្រ បាតក្រោម១,៥ម៉ែត្រ ជម្រៅមធ្យម១,៦៤ម៉ែត្រ ដាក់ស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន៤៨,៤៦០,៤០០រៀល។ អ្នកដេញថ្លៃឈ្មោះ អ៊ុន វិរៈ ក្រុមហ៊ុនថេងវណ្ណថេ 666 ដេញថ្លៃបានតម្លៃទាប៣១,២៤៧,៥០០រៀល។
ចំណែកឃុំធ្លកគម្រោងស្តារប្រឡាយប្រវែង៥០០ម៉ែត្រ ជម្រៅ១,៣១ម៉ែត្រ បាតក្រោម១,៥ម៉ែត្រដាក់ លូ១កន្លែង តម្លៃប៉ាន់ស្មាន២៣,៦៥៣,៣០០រៀល។ អ្នកដេញថ្លៃឈ្មោះ សុវណ្ណ ពៅភិរត្ន ក្រុមហ៊ុនរម្យខត្តិយាខន់ស្រ្តាក់សិន ដេញថ្លៃទាបជាង ២ក្រុមហ៊ុនផ្សេងទៀត ក៏ប៉ុន្តែគណកម្មការពិនិត្យកែតម្រូវឃើញថា តម្លៃទាបពេក២,០១៧,០០០រៀល (គ្មានសុពលភាព)។ ចំណែក២ គម្រោងទៀតគ្មានក្រុមហ៊ុនដាក់ដេញថ្លៃ។
លោក មួន សុខុម វិស្វករឯករាជ្យ បានថ្លែងថា ប្រសិនបើក្រុមហ៊ុនដាក់ដេញថ្លៃ ដាក់តម្លៃកាន់តែទាបលោកនឹងចុះពិនិត្យការអនុវត្តគម្រោង កាន់តែម៉ត់ចត់ ហើយបើពិនិត្យឃើញខុសប្រក្រតីពីកិច្ចសន្យា លោកនឹងរាយការណ៍ជូនក្រសួង និងម្ចាស់គម្រោងធ្វើអធិកាកិច្ច និងឲ្យក្រុមហ៊ុននោះអនុវត្តតាមកិច្ចសន្យា ធ្វើយ៉ាងណាការដេញថ្លៃ និងការអនុវត្ត៕