(ភ្នំពេញ)៖ ចំណូលថវិការដ្ឋរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៩នេះ ទទួលបានចំនួន១០៧,៩៨៥,៦៩៣,៣៧៦រៀល ដែលស្មើប្រមាណជាង២៦លានដុល្លារ ធ្លាក់ចុះ៥០.៦ភាគរយបើធៀបនឹងចំណូលឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
តាមផែនការចំណូលថវិការដ្ឋ ឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្មមានចំនួន ១៧២,១៦៧,០០០,០០០រៀល ដែលស្មើនឹងប្រហែលជាង៤០លានដុល្លារ ប៉ុន្តែអនុវត្តបានចំណូលឆ្នាំ២០១៩ មានចំនួនតែ១០៧,៩៨៥,៦៩៣,៣៧៦រៀលស្មើនឹង៦២.៧% នៃផែនការចំណូលប្រចាំឆ្នាំ២០១៩ប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការថយចុះចំណូលនេះ គឺដោយសារតែមានការកែសម្រួល ស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា, ការលុបចោលនូវការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់ប្រទេសមិនមានតម្រូវការ និងការចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) របស់សហភាពអឺរ៉ុប ដែលក្រុមហ៊ុនរោងចក្រនាំចេញ អាចស្វ័យប្រកាសពីដើមកំណើតទំនិញដោយខ្លួនឯង ដោយមិនតម្រូវឱ្យធ្វើការស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ ពីក្រសួងពាណិជ្ជកម្ម។
ដោយសម្រាប់ឥណទានឆ្នាំ២០១៩ ដែលក្រសួងពាណិជ្ជកម្មទទួលបានមានចំនួន១២៧,៨៩១,០០០,០០០រៀល (ប្រហែលជាង៣១លានដុល្លារ) បានចំណាយក្នុងឆ្នាំ២០១៩មានចំនួន ១២៤,៦៩២,៥៧២,៩៤៥រៀល (ប្រហែល៣១លានដុល្លារ) ស្មើនឹង៩៧.៥% នៃឥណទានថវិកា៕