(ភ្នំពេញ)៖ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise REPEX-19) បានបង្កើតឧទាហរណ៍ជាក់ស្តែង ធ្វើជាមានយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានជួឧបទ្ទវហេតុបន្ទាប់ពីបានចុះចតដល់ដី នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីសាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ឡាំ ហេងហួត តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, លោក ជា អូន រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល, លោក ឆឺយ រឿន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី, លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
ក្រោយពីមានហេតុការណ៍បានកើតឡើងភ្លាមៗនោះដែរ ក្រុមការងារជួយសង្គ្រោះដែលប្រចាំការ នៅអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប ក៏ដូចជា ក្រុមការងារពាក់ព័ន្ធជួយសង្រ្គោះ មកពីបណ្ដាអង្គភាពផ្សេងៗជាច្រើនទៀត បានចេញមកជួយធ្វើអន្ដរាគមន៍។
ក្រុមការងាររួមមាន៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់ អគ្គិភ័យទាំងអស់ នៅក្នុងខេត្តសៀមរាប ដោយចេញមកអន្ដរាគមន៍ជួយបាញ់ពន្លត់ និងជួយសង្រ្គោះជីវិតមនុស្ស ក្នុងឧបទ្ទវហេតុដែលបានកើតឡើងនេះ បានទាន់ពេលវេលា។
លោក ឡាំ ហេងហ៊ួត បានបញ្ជាក់ថា នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាបផងដែរ៕