(ស្វាយរៀង)៖ សត្វជ្រូកជាច្រើនក្បាលត្រូវបានក្រុមឈ្មួញដឹក តាមរថយន្តយីឌុបភ្លៅប្រាំ ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងភ្លឺប្រឡាយ ស្ថិតនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានមន្ត្រីត្រួតពិនិត្យ ហើយអ្វីដែលខុសប្រក្រតីនោះ ឈ្មួញកាន់ច្បាប់ដឹកជ្រូកពីប្រទេសថៃឆ្លងកាត់។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជ្រូកជិត ១ពាន់ក្បាលនេះ ជារបស់ក្រុមហ៊ុន «អង្គរ សុខ សារិទ្ធ មានជ័យ» នាំចូលពីប្រទេសថៃ នាំចេញទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកឧកញ៉ាមួយរូប ហើយសមត្ថកិច្ចសង្ស័យថា ក្រុមហ៊ុននេះ មិនចេញតាមច្រកស្វាយអាង៉ោង គឺសង្ស័យមានការឃុបឃិត ជាមួយមន្ត្រីច្រករបៀងគេចវេស ក្នុងការបង់ពន្ធនាំចេញ និងគេចពីមន្ត្រីពេទ្យសត្វ ពិនិត្យឯកសារកាត់ស្តុក ។
ទាក់ទិនករណីខាងលើនេះដែរ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឲ្យដឹងថា បញ្ហាឈ្មួញនាំសត្វជ្រូក រស់ឆ្លងកាត់ហើយនាំចេញទៅក្រៅប្រទេស គឺត្រូវតែឆ្លងកាត់មន្ត្រីជំនាញពេទ្យសត្វ ត្រួតពិនិត្យឯកសារ និងចំនួនជ្រូកដើម្បីកាត់ស្តុក។ ហើយបើមានករណីឈ្មួញ នាំជ្រូកឆ្លងដែនទៅប្រទេសវៀតណាមមែន លោកនឹងឲ្យមន្ត្រីជំនាញនៃ ការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះទៅត្រួតពិនិត្យតាមនីតិវិធី។
លោក វាសនា តំណាងក្រុមហ៊ុន «អង្គរ សុខ សារិទ្ធ មានជ័យ» បានបំភ្លឺប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះថា ដោយក្រុមហ៊ុនវៀតណាម នៅច្រកស្វាយអាង៉ោង ពិបាកក្នុងការដឹកជញ្ជូន ជ្រូកចូលទៅវៀតណាម ទើបខាងវៀតណាមសំណូមពរ សុំសាងជ្រូកនៅខេត្តស្វាយរៀងវិញ។ ម្យ៉ាងពេលល្ងាចដល់យប់ ខាងលោកមិនបានទំនាក់ទំនងមន្ត្រីពេទ្យសត្វ ដោយផ្អែកថា ជ្រូកទាំងនេះ ដឹកមកពីប្រទេសថៃ គ្រាន់តែឆ្លងកាត់មិនចាំបាច់កាត់ស្តុកទេ ។
ចំណែកលោក ឈិន សៅ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីកសិកម្មខេត្ត បានថ្លែងថា ដោយយប់មិនស្គាល់ភូមិសាស្ត្រពិបាក ក្នុងការធ្វើដំណើរទម្រាំទៅដល់កន្លែងឈ្មួញ សាងជ្រូកនោះ គឺឈ្មួញបានដឹកជ្រូកចូលទៅប្រទេសវៀតណាមអស់ហើយ ដូច្នេះលោកមិនបានត្រួតពិនិត្យសត្វជ្រូកទាំងនោះទេ។ ចំពោះមន្ត្រីនគបាល និងមន្ត្រីយោធាវរៈការពារព្រំដែនច្រក របៀងសំយ៉ោង ក៏មិនអាចរកការបំភ្លឺបានដែរ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា សម្តេចក្រឡាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសរួចមកហើយថា មិនអនុញ្ញាតឲ្យនាំនូវផលិតផលសត្វ និងផលិតផលដែលមានដើមកំណើត ពីសត្វចេញចូលតាមច្រករបៀងទេ ទូទាំងប្រទេស ក៏ប៉ុន្តែឈ្មួញបានឃប់ឃិត ជាមួយសមត្ថកិច្ចការពារព្រំដែន លួចនាំសត្វជ្រូករស់ពីប្រទេសថៃ ឆ្លងដែនចេញទៅប្រទេសវៀតណាម តាមច្រករបៀង ដោយគ្មានមន្ត្រីពេទ្យសត្វត្រួតពិនិត្យឡើយ៕