(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គ្រោងនឹងបើកដំណើរការ ទីតាំងវិទ្យាល័យថ្មីមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ដែលកំពុងតែមានការកើនឡើង។ ទីតាំងថ្មី ដែលគ្រោងនឹងបើកទ្វារស្វាគមន៍ សិស្សានុសិស្សកម្រិតវិទ្យាល័យ នៅចុងឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវឌួងងៀប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងបរិវេណទីតាំងថ្មីនេះ ត្រូវបានសាងសង់ស្របតាម តម្រូវការស្ដង់ដារសាលារៀនអន្តរជាតិ ដែលមានការទទួលស្គាល់ ដោយគណកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំ អន្តរជាតិ (ACS WASC)។ បច្ចុប្បន្នសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានទីតាំងនៅតាមបណ្តោយផ្លូវ ២០០៤ ដែលរួមមានថ្នាក់មត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានសិស្សានុសិស្សកំពុងសិក្សា ជិត៣,០០០នាក់។
ការសាងសង់ទីតាំង វិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ថ្មីនេះ គឺដើម្បីឆ្លើយតបតម្រូវការ ការសិក្សារបស់សិស្សានុសិស្ស ទាំងក្នុងផ្នែកកម្មវិធីសិក្សាគោល និងកម្មវិធីសិក្សាបន្ថែមក្រៅថ្នាក់រៀន ដែលប្រកបដោយ ភាពសម្បូរបែប។ គ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងបរិវេណវិទ្យាល័យថ្មីនេះ មានដូចជា៖
* បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ
* បន្ទប់សិក្សាវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មសិល្បៈ និងគណិតវិទ្យា (STEAM) មុខវិជ្ជាត្រៀម មហាវិទ្យាល័យ (Advanced Placement Course)
* ស្នឌីយោសិល្បៈទំនើបទាន់សម័យ
* ប្រព័ន្ធការពារគ្រោះទឹកជំនន់
* បន្ទប់សិក្សាតូរ្យតន្ត្រី
* ទីលានកីឡា បាល់ទាត់ ទីលានបាល់ទះ ទីលានបាល់បោះ
* ការិយាល័យផ្តល់ប្រឹក្សា និងសេវាកម្មគាំពារសិស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។
លោក អែនដេ ស្ទវេ ដែលជានាយកគ្រប់គ្រងផ្នែករដ្ឋបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ៊ូសត៍ បានគូសបញ្ជាក់ នូវវិធីសាស្រ្តស្ថាបត្យកម្ម ក្នុងការរចនាសាងសង់វិទ្យាល័យថ្មីនេះ ឡើងយ៉ាងដូច្នេះថា បន្ទប់រៀន និងបរិយាកាសសិក្សា ប្រកបដោយនវានុវត្តន៍ បំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលមានភាពអំណោយផល ដល់ការសិក្សា។
លោក អែនដេ ស្ទវេ បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ បញ្ហាសុវត្ថិភាព និងសន្តិសុខជាចំណុចអាទិភាព ដែលគណៈគ្រប់គ្រងសាលាបាន និងកំពុងយកចិត្តទុកដាក់។
លោកថា វិធីសាស្រ្តស្ថាបត្យកម្ម ដែលយកមកអនុវត្តក្នុងការរចនា សាងសង់ទីតាំងវិទ្យាល័យថ្មីនេះ មិនត្រឹមតែបង្កើតបរិយាកាស អំណោយផលដល់ការសិក្សា របស់សិស្សនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយ ជាមូលដ្ឋានគ្រឹះនៃការអប់រំ ដែលផ្អែកលើវឌ្ឍនភាព និងការសិក្សាស្រាវជ្រាវ នាពេលអនាគត។
ដើម្បីសម្រេចគោលដៅនេះ ថ្នាក់ដឹកនាំសាលាបានយកលទ្ធផល នៃការស្រាវជ្រាវចុងក្រោយនានា ដើម្បីជាមូលដ្ឋានក្នុងការរចនាប្លង់អគារសិក្សា ដោយមានការចូលរួមសហការ ពីសំណាក់បុគ្គលិកផ្នែកសិក្សាធិការ ដែលប្រកបដោយសមត្ថភាពវិជ្ជាជីវៈផងដែរ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធសាលា ដែលប្រកបដោយនវានុវត្តន៍នៅក្នុងតំបន់ ដែលគ្រោងបើកដំណើរការ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សម្រាប់ស្វាគមន៍ប្អូនៗ សិស្សានុសិស្សពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២៕