(កំពត)៖ ខណៈដែលការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ត្រូវបានរៀបចំរួចរាល់អស់ហើយនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញការរំពឹងទុកថានឹងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៥០ម៉ឺននាក់។
ក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គប្រជុំបានបង្ហាញលទ្ធផលការងារត្រៀមព្រឹត្តិការណ៍បុណ្យសមុទ្រនេះថា ត្រូវបានសម្រេចលទ្ធផលជាចុងក្រោយបានល្អប្រសើរ និងអាចសង្ឃឹមថានឹងប្រព្រឹត្តទៅបានដោយរលូន។ ជាស្តែង លទ្ធផលការងារសម្រេចបានរបស់អនុគណៈកម្មការទាំង៦ ក្នុងនោះរួមមាន៖ ១. ការងារពិព័រណ៍សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ ២. ការងាររៀបចំមហោស្រពម្ហូបអាហារភេសជ្ជៈ បរិស្ថាន និងអនាម័យ ៣. ការងាររៀបចំប្រារព្ធពិធី និងហេដ្ឋេចនាសម្ពន្ធ ៤. ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះបន្ទាន់ ៥. ការងារខ្លឹមសារពិធីការ និងកិច្ចប្រជុំពាក់ព័ន្ធ និង ៦. ការងារផ្គត់ផ្គង់។
ក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តដល់គណៈកម្មការក្នុងការនាំយកផលិតផល កសិផលដែលមានក្នុងស្រុក និងម្ហូបអាហារ ដែលបង្ហាញពីអត្តសញ្ញាណខេត្ត ត្រូវបានយកមកតាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានច្រើនតាមដែលអាចធ្វើបាន ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតនេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការជំរុញឲ្យមានការតាំងបង្ហាញរូបភាពវីដេអូ ស្តីពីផលិតផលចរណ៍នានា ដូចជាសហគមន៍ទេសចរណ៍ រមណីយដ្ឋានជាដើម គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានឃើញ និងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត ហើយក៏ត្រូវថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់ប្រតិភូដែលមកចូលរួមពិធីបុណ្យសមុទ្រ សម្រួលការធ្វើដំណើររបស់ក្រុមសិល្បករ-ការិនី កីឡាករ-ការិនីទាំងជាតិ និងអន្តរជាតិឲ្យបានល្អ។
លោករដ្ឋមន្ត្រីក៏បានជំរុញសាជាថ្មីដល់អនុគណៈកម្មការ ត្រូវចុះទៅដល់ភោជនីយដ្ឋាន អាហាដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ប៊ូទិក បឹងកាឡូ ដើម្បីប្រាប់ឲ្យពូកគាត់ដាក់បង្ហាញបញ្ចីរាយនាមមុខម្ហូបអាហារ សេវាកម្មនានា និងត្រូវដាក់តម្លៃឲ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានបង្ហាញការសង្ឃឹមជឿជាក់ថា ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ។
សូមបញ្ចាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» មានរយៈពេលថ្ងៃ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើន ដូចជា ការសម្ដែងសិល្បៈ របាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម៕