(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សាព្រែកសំរោង ១ខ្នង មាន៤បន្ទប់ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ៦៤២៩ម៉ែត្រ និងលូប្រវែង ៨២២ម៉ែត្រ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្មវិធីនេះមានការចូលរួមពីអភិបាលខេត្តកណ្ដាលលោកបណ្ឌិត ម៉ៅ ភិរុណ គណៈអភិបាលខេត្ត លោក/លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងប្រជាពលរដ្ឋជាង ៣០០០នាក់។
លោកបណ្ឌិត ម៉ៅ ភិរុណ បានជំរុញដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ កុំគិតតែលេងហ្គេម កុំលេង Facebook ច្រើនពេក ប៉ុន្តែត្រូវយកពេលមកសិក្សារៀនសូត្រ ជួយកិច្ចការផ្ទះ និងស្រាវជ្រាវចំណេះដឹងឲ្យបានខ្លាំងក្លា ដើម្បីក្លាយជាធនធានមនុស្សដ៏អស្ចារ្យរបស់កម្ពុជា និងចូលរួមអភិវឌ្ឍន៍ស្រុកទេសយើងឲ្យកាន់តែរីកចំរើនឡើងៗ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមស្ថាបនាអគារ ផ្លូវបេតុង និងលូ សូមធ្វើឲ្យមានគុណភាពស្របតាមស្តង់ដា ហើយស្នើរដល់ពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាផ្លូវយើង ឲ្យបានល្អប្រសើរទាំងអស់គ្នា ។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានបញ្ជាក់ថា «ស្រុកទេសយើងកំពុងមានសុខសន្តិភាព ស្ថេរភាព រីកចំរើនក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងប្រែក្លាយកម្ពុជាយើងពីបាតដៃទទេ មកក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចំរើន ពលរដ្ឋមានជីវភាពធូរធាឡើងៗ មានការរីកចំរើនលើច្រើនវិស័យ ហើយកម្ពុជាក៏កំពុងឆ្ពោះ ទៅមុខជាបន្តទៀត ដើម្បីប្រែក្លាយស្រុកទេសយើងឲ្យមានសេដ្ឋកិច្ចកាន់តែរីកចំរើនឡើងៗ»។
ស្ថិតនៅក្នុងកម្មវិធីនេះដែរ ពលរដ្ឋយើងជាច្រើនគ្នា បានសំដែងទឹកមុខញញឹមញញេម និងបង្ហាញពីចំណាប់អារម្មណ៍រំភើបដែលបានឃើញការរីកចំរើន និងឃើញមានការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន របស់ពួកគាត់ និងឃើញមានការសាងសង់សាលារៀនឲ្យកូនចៅពួកគាត់បានចូលរៀនសូត្រដើម្បីអនាគតភ្លឺស្វាង៕