(កំពត)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចចុងក្រោយ ស្ដីពី ការត្រៀមរៀបចំបុណ្យសមុទ្រ ដែលរដ្ឋបាលខេត្ត និងអន្តរក្រសួង បានសហការអនុវត្តជាច្រើនខែកន្លងមកនេះ។
អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពត បានខិតខំយកចិត្តទុកដាក់អនុវត្តការងារ តាមអនុគណៈកម្មការខេត្តនីមួយៗ និងសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធ
អស់រយៈពេលជាច្រើនខែថ្ងៃកន្លងមកនេះ។ ជាលទ្ធផលការងារ នៃការអនុវត្តគម្រោងផែនការដើម្បីត្រៀមឆ្ពោះការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំ ទី២ ឆ្នាំ២០១៩ នៅខេត្តកំពត ត្រូវបានសម្រេចលទ្ធផលជាចុងក្រោយ បានល្អប្រសើរ និងអាចសង្ឃឹមប្រព្រឹត្តទៅបានដោយរលូន។
ជាស្តែងលទ្ធផលការងារសម្រេចបានរបស់អនុគណៈកម្មការទាំង៦ នោះ រួមមាន៖
*ទី១ ៖ ការងារពិព័រណ៍សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ
*ទី២ ៖ ការងាររៀបចំមហោស្រពម្ហូបអាហារភេសជ្ជៈ និងអនាម័យបរិស្ថាន
*ទី៣ ៖ ការងាររៀបចំប្រារព្ធពិធី និងហេដ្ឋេចនាសម្ព័ន្ធ
*ទី៤ ៖ ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្រ្គោះបន្ទាន់
*ទី៥ ៖ ការងារខ្លឹមសារពិធីការ និងកិច្ចប្រជុំពាក់ព័ន្ធ
*ទី៦ ៖ ការងារផ្គត់ផ្គង់។
នៅក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តដល់គណៈកម្មការ ក្នុងការនាំយកផលិតផលកសិផល ដែលមានក្នុងស្រុក និងម្ហូបអាហារ ដែលបង្ហាញពីអត្តសញ្ញាណខេត្ត ត្រូវបានយកមកតាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានច្រើនតាមដែលអាចធ្វើបាន ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតនេះ។
លោករដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបន្តទៀតថា ការជំរុញឲ្យមានការតាំងបង្ហាញរូបភាពវីដេអូស្តីពី ផលិតផលចរណ៍នានា ដូចជា សហគមន៍ទេសចរណ៍ រមណីយដ្ឋានជាដើម គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានឃើញ និងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត។ ហើយក៏ត្រូវថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សម្រាប់ប្រតិភូ ដែលមកចូលរួមពិធីបុណ្យសមុទ្រ សម្រួលការធ្វើដំណើររបស់ក្រុមសិល្បករសិល្បការិនី កីឡាករ កីឡាការិនី ទាំងជាតិ និងអន្តរជាតិឲ្យបានល្អ។
លោករដ្ឋមន្ត្រី ក៏បានជំរុញសាជាថ្មីដល់អនុគណៈកម្មការ ត្រូវចុះទៅដល់ភោជនីយដ្ឋាន អាហាដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បូទិច បឹងកាឡូ ដើម្បីប្រាប់ឲ្យពូកគាត់ដាក់បង្ហាញ បញ្ចីរាយនាមមុខម្ហូបអាហារ សេវានានា និងត្រូវដាក់តម្លៃឲ្យបានត្រឹមត្រូវ។ លោករដ្ឋមន្ត្រី បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្នុងឱកាសពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ។
សូមបញ្ចាក់ថា ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះ លើកទី៨ ជុំទី២ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» មានរយៈពេលថ្ងៃ ៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល ៣ថ្ងៃនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចជា៖ ការសម្ដែងសិល្បៈ របាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម៕