(ភ្នំពេញ)៖ ការិយាល័យលក់នៃអាគារខុនដូគម្រោង «រ៉ូយ៉ាល់ផ្លាទីនឹម» របស់ក្រុមហ៊ុន រ៉ូយ៉ាល់ហុងឡៃហួត វ័ន ឯ.ក បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានទីតាំងស្ថិត នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីបើកសម្ពោធនេះ មានការអញ្ជើញចូលរួម ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងដៃគូវិនិយោគនៃគម្រោងនេះ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។
គម្រោងខុនដូប្រណិត «រ៉ូយ៉ាល់ផ្លាទីនឹម» គឺកើតចេញពីការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនដ៏ល្បីពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់កម្ពុជា និងក្រុមហ៊ុន ហុងឡៃហួត គ្រុប របស់សិង្ហបុរី។ គម្រោងខុនដូនេះ នឹងត្រូវសាងសង់ នៅលើផ្ទៃជិត១ហិកតា នៅក្នុងខណ្ឌទួលគោក កណ្តាលរាជធានីភ្នំពេញ ដែលមានអាគារកម្ពស់២៨ជាន់ និងជាង៩០០យូនីត។
បច្ចុប្បន្នក្រុមហ៊ុន កំពុងតែធ្វើការសាងសង់ ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០២២ខាងមុខ។
លោក Ryan Ong តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ ហុងឡៃហួតវ័ន ឯ.ក បានឲ្យដឹងថា «រ៉ូយ៉ាល់ផ្លាទីនឹម» គឺជាគម្រោងខុនដូដ៏ទាក់ទាក់ទាញមួយ ដែលស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពល រាជធានីភ្នំពេញ ជាមួយបទពិសោធន៍ នៃការសាងសង់ជាច្រើនឆ្នាំ និងស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ។
លោកបានបញ្ជាក់ទៀតថា គម្រោងនេះក៏មានក្លឹបហាត់ប្រាណផ្តាច់មុខ ជាពិសេសដូចជា មានអាងហែលទឹក កន្លែងបោះបាល់ ភោជនីយដ្ឋាន ស្ទីម និងសូណា សួនច្បារ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណដទៃទៀត។ គម្រោងនេះក៏មានទីលំហែនៅលើលំហចំនួនពីរ ដែលមានសម្រាប់តែអ្នកស្នាក់នៅ ដើម្បីសម្រាកកំសាន្តពេញមួយថ្ងៃ ជាមួយ និងទេសភាព៣៦០ដឺក្រេ នៃរាជធានីភ្នំពេញ។
បន្ថែមពីលើនេះ លោក Ryan Ong បានឲ្យដឹងដែរថា គិតមកទល់នឹងពេលនេះ គម្រោងខុនដូ «រ៉ូយ៉ាល់ផ្លាទីនឹម» នេះ ត្រូវបានលក់អស់ប្រមាណ៦០ទៅ៧០ភាគរយទៅហើយ សម្រាប់ប្រភេទផ្ទះអាជីវកម្ម និង១៥ភាគរយជាប្រភេទផ្ទះស្នាក់នៅ។
ចំពោះតម្លៃលក់ក្នុងមួយយូនីត គឺចាប់ពីជាង៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមហ៊ុនបានលក់បញ្ចុះតម្លៃពិសេស ចាប់ពីថ្ងៃបើកសម្ពោធការិយាល័យរបស់ខ្លួននេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៩នេះ៕