(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់កី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិយាយថា កំណាត់ផ្លូវលំគ្រួសក្រហមជាង ៤គីឡូម៉ែត្រ នៅក្នុងភូមិអូរសណ្តាន់ និងភូមិដំណាក់កី ឃុំទឹកហូត និងឃុំជើងគ្រាវ ស្រុករលាប្អៀរ ពេលនេះកំពុងរងការបំផ្លាញពីរថយន្តដឹកដី ពី ៣ ទៅ ៤គ្រឿង ដោយសារតែពេលផ្លូវគ្រួសក្រហមស្រុតក្រហេងក្រហូង។

អ្នកបើករថយន្តដឹកដីទាំងនេះ មិនយកដីគ្រួសក្រហមមកចាក់បំពេញវិញទេ បែរជាយកដីខ្សាច់ស្រែមកចាក់បំពេញទៅវិញ ជាហេតុបង្កឲ្យការធ្វើដំណើរលើដងផ្លូវ ជួបការលំបាក ច្អួរ ឬផុងនិងដីខ្សាច់ដែលម៉ត់ដូចម្សៅបំពេញតាមក្រឡុកទាំងនោះ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅពេលពួកគាត់សាកសួរ អ្នកបើកបររថយន្តដឹកដីទាំងនោះ អ្នកបើកបររថយន្ត បាននិយាយប្រាប់គាត់ថា ពេលពួកគេដឹកដីដំបូកលក់ឲ្យគេរួច ទើបពួកគេដឹកដីគ្រួសក្រហម មកចាក់បំពេញកន្លែងខូចខាតទាំងអស់នោះវិញ។

ករណីនេះប្រជាពលរដ្ឋ ដូចជាមិនទុកចិត្តចំពោះការអះអាងរបស់អ្នកបើកបររថយន្តទាំងនោះឡើយ ដូច្នេះប្រជាពលរដ្ឋស្នើសុំអាជ្ញាធរឃុំ ស្រុក និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយមានវិធានការ ទប់ស្កាត់ការខូចខាត និងវិធានការឲ្យរថយន្តដែលបង្កការខូចខាត ជួសជុលកំណាត់ ផ្លូវខាងលើនេះឲ្យបានល្អឡើងវិញផង ចៀសវាងអ្នកបើកបររថយន្តបង្កទាំងនោះ គេចខ្លួនអស់ពេលពួកគេ ដឹកដីចាក់ធ្វើផ្លូវរួចហើយមិនទទួលខុសត្រូវ។

ទាក់ទងនិងបញ្ហាខាងលើនេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រាប់ថា បញ្ហានេះលោកមិនបានដឹង ឬទទួលព័ត៌មានខាងលើនេះទេ ហើយលោកក៏សូមអរគុណផងដែរដល់អ្នកសារព័ត៌មាន ដែលបានជួយរាយការណ៍រឿងនេះឲ្យអាជ្ញាធរស្រុកដឹង។

ចំពោះករណីនេះលោកនឹងចាត់តាំងឲ្យសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរភូមិឃុំតាមដានឲ្យច្បាស់មុខសញ្ញានេះ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ឲ្យបានសមស្រប ចំពោះអ្នកបើកបររថយន្តបង្កការខូចខាតផ្លូវលំខាងលើនេះ៕