(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ ប្រកបដោយជីវភាព ក្នុងការក្តាប់យកនូវកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមជាអធិបតីភាព បើកសន្និសីទជាតិលើកទី១ ស្តីពីគណនេយ្យ ក្រោមប្រធានបទ «តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ប្រកបដោយជីវភាព ក្នុងការក្តាប់យកនូវកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដោយឈរលើកត្តាចំនួន៤៖
ទី១៖ ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើន ដែលមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស។
ទី២៖ ការកើនឡើងយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាត (Smart devices)។
ទី៣៖ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស។
ទី៤៖ ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូនីយកម្ម ដែលកំពុងកើតមាននៅក្នុងគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា ជាក់ស្តែងនៅកម្ពុជាសេដ្ឋកិច្ចឌីជីថល កំពុងលេចរូបរាងជាបណ្តើរៗ ស្របពេលដែលមានការបង្កើត សកម្មភាពអាជីវកម្មថ្មីៗដូចជា ការប្រើប្រាស់ការទូទាត់ឌីជីថល, ការកើនឡើងនូវសកម្មភាពកំសាន្តអនឡាញ, សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច-ល-។
លើសពីនោះទៀត ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់បំផុតមួយ សម្រាប់ការអភិវឌ្ឍប្រទេស ដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤។
ក្នុងសន្និសីទជាតិលើកទី១ ស្តីពីគណនេយ្យ ក្រោមប្រធានបទ «តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល» ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើដល់តួអង្គពាក់ព័ន្ធ គួរយកចិត្តទុកដាក់បន្ថែមទៀត លើចំណុចចំនួនរួមមាន៖
១៖ ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ត្រូវរៀបចំកែលម្អ និងធ្វើសុខដុមនីយកម្មក្របខណ្ឌនីតិកម្ម សម្រាប់ការគ្រប់គ្រងវិស័យគណនេយ្យ ឲ្យបានគត់ហ្មត់ ដែលអាចឆ្លើយតប ទៅនឹងការតម្រូវនៃសេដ្ឋកិច្ចឌីជីថល។
២៖ គណនេយ្យករជំនាញ និងសវនករទាំងអស់ ត្រូវគោរពឲ្យបានខ្ជាប់ខ្លួន នូវក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដាបច្ចេកទេសនានា ព្រមទាំងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពសវនកម្ម និងដើម្បីលើកកម្ពស់វិជ្ជាជីវៈ ឱ្យកាន់តែល្អប្រសើរថែមទៀត។
៣៖ ក្រុមប្រឹក្សាជាតិគណនេយ្យ ត្រូវរៀបចំផែនការច្បាស់លាស់ និងជាក់លាក់ក្នុងការរៀបចំធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មឲ្យកាន់តែមានប្រសិទ្ធភាព។
៤៖ ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ត្រូវរៀបចំបង្កើតក្របខណ្ឌគតិយុត្ត ដើម្បីបង្កើនចំនួនអ្នកវិជ្ជាជីវៈគណនេយ្យ និងសវនកម្មឲ្យបានច្រើន ក្នុងល្បឿនលឿន និងត្រូវរៀបចំ និងអនុវត្តផែនការអភិវឌ្ឍសមត្ថភាព របស់គណនេយ្យករនិងសវនករ ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពល នៃការរីកចម្រើននៃបច្ចេកវិទ្យា ក្រោមបរិបទនៃសេដ្ឋកិច្ច ឌីជីថល។
សូមជម្រាបថា សន្និសីទជាតិលើកទី១ ស្តីពីគណនេយ្យ ក្រោមប្រធានបទ «តួនាទីវិស័យគណនេយ្យ ក្នុងសេដ្ឋកិច្ចឌីជីថល» រៀបចំដោយក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងសមាគមគណនេយ្យករជំនាញ ACCA និងដោយមានការចូលរួមពី តំណាងឲ្យស្ថាប័នជាតិ, ក្រុមហ៊ុនឯកជន, អ្នកជំនាញគណនេយ្យ និងអង្គភាពមិនស្វែងប្រាក់ចំណេញ ប្រមាណជាង៦០០នាក់។
គោលបំណងសំខាន់ របស់សន្និសីទជាតិ ដែលមានរយៈពេលពេញ១ថ្ងៃនេះ គឺដើម្បីផ្តល់នូវព័ត៌មាន ដល់សិក្ខាកាមអំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យនៅកម្ពុជា, និងតួនាទីរបស់គណនេយ្យករជំនាញនៅ ក្នុងយុគ្គសម័យបច្ចេកវិទ្យា ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល។
លើសពីនោះទៀត ដើម្បីប្រមូលធាតុចូល ពីអ្នកចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែម សម្រាប់រៀបចំនិងការកែលម្អក្របខ័ណ្ឌ គោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យគណនេយ្យ ជាពិសេសក្នុងការពង្រឹងតួនាទីរបស់និយ័តករ និងគណនេយ្យករជំនាញ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល៕