(ស្វាយរៀង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានបញ្ជាក់ថា លំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាកម្ពុជា-វៀតណាម តាមព្រំដែនគោក នឹងចូលចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមព្រំដែនប្រទេសទាំងពីរ ដែលជាកត្តាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច រួមជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីបើកបិទលំហាត់ហ្វឹកហ្វឺនរួមគ្នា ស្តីពី សង្គ្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម និងការងារមនុស្សធម៌ ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍មួយ ក្នុងការធ្វើលំហាត់រួមគ្នាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងជាភារកិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ ទន្ទឹមនេះលំហាត់ហ្វឹកហ្វឺននេះ នឹងលើកកម្ពស់សមត្ថភាពដល់កងទ័ព អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយសម្របសម្រួលជូនប្រជាជន ដោយឈរលើ ស្មារតីរួបរួមគ្នា សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជួយសង្គ្រោះប្រជាជន ដែលកំពុងរស់នៅតាមតំបន់ព្រំដែន ឱ្យរួចផុតពីការគ្រោះថ្នាក់ ប្រកបដោយប្រសិទ្ធភាពថែមទៀត។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈលំហាត់ហ្វឹកហ្វឺននេះ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេស កម្ពុជា-វៀតណាម ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាការបង្ហាញ នូវបំណងប្រាថ្នារួមក្នុងការពង្រីកស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពីព្រោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនប្រទេសទាំងពីរ គឺជាកត្តាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ ទៀតផង»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ស្នងការសង្គ្រោះគ្រោះមហន្តរាយ នៃកងទ័ពប្រជាជនវៀតណាម និងអាជ្ញាធរពាក់ព័ន្ធខេត្តស្វាយរៀង រួមគ្នារៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ ដំណើរការទទួលលទ្ធផលប្រកបដោយផ្លែផ្កា ទៅតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ដែលជាមូលដ្ឋានគ្រឹះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនគោកកម្ពុជា វៀតណាម។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការរៀបចំលំហាត់ហ្វឹកហ្វឺននាថ្ងៃនេះ ធ្វើឡើងសំដៅពង្រឹងសមត្ថភាពផ្លាស់ប្តូរបទពិសោធន៍ ដល់កងទ័ពអាជ្ញាធរពាក់ព័ន្ធ និងប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ សម្រាប់ចូលរួមឧប្បទ្ទវហេតុ នៃគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយគ្រោះមហន្តរាយធនធានធម្មជាតិ និងបច្ចេកវិទ្យា ដែលត្រូវការយើងទាំងអស់គ្នារួមចំណែក ដើម្បីឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ សម្តេចប្រមុខការពារជាតិ បានបន្ថែមថា តាមរយៈលំហាត់រួមគ្នានាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាប្រទេសទាំងពីរ កាន់តែមានកម្រិតខ្ពស់ថែមទៀត ក្នុងការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហការសម្របសម្រួល សកម្មភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានា នៅតាមព្រំដែនដូចជា៖ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញចូលទំនិញខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ជាដើម។ល។ ប្រការទាំងអស់នេះ ទាមទារឱ្យប្រទេសទាំងពីរបន្តលើកកម្ពស់ ការយល់ដឹងដល់ប្រជាជនអំពីសារៈសំខាន់ និងសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងព្រំដែនរួមមួយប្រកបដោយសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងប្រទេសទាំងពីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ សូមបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងការគំរាមកំហែងផ្សេងៗ នៅតាមព្រំដែន និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
មួយវិញទៀត លំហាត់ហ្វឹកហ្វឺននាពេលនេះ នឹងចែករំលែកបទពិសោធន៍ការងារកាន់តែល្អិតល្អន់ផុលផុសថែមទៀត អំពីបញ្ហាប្រឈមដែលជាគន្លឹះក្នុងការលើកកម្ពស់ ការជឿទុកចិត្តគ្នារួមចំណែក ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនៅតាមព្រំដែន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមក៏ដូចជា៖ ស្ថានភាពសង្គ្រោះគ្រោះមហន្តរាយ និងភាពអាសន្នផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ដែលជាធាតុចូលដ៏សំខាន់ ទាក់ទងទៅនឹងប្រធានបទ «លំហាត់រួមគ្នាសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារការសាយភាយសារជាតិគីមី និងការងារមនុស្សធម៌»៕