(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃថ្ងៃ២ ខែធ្នូ មានរហូតដល់ទៅចំនួន ៣ព្រឹត្តិការណ៍ឯណោះ។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះរួមមាន៖ ២ធ្នូ ឆ្នាំ១៩៧៨ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ២ធ្នូ ឆ្នាំ១៩៨៧ ជំនួបចរចាលើកដំបូងរវាងសម្តេច និងសម្តេច នរោត្តម សីហនុ នៅហ្វែអង់តាន័រ ក្នុងប្រទេសបារាំងនិង ២ធ្នូ ឆ្នាំ១៩៩៨ ដែលជាឆ្នាំសម្តេចដាក់ចេញយុទ្ធសាស្ត្រត្រីកោណ។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ បានចាត់ទុកថ្ងៃទី២ ខែធ្នូ ដែលមានរយៈពេល ៣២ឆ្នាំមកហើយនោះ គឺជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនៃការចរចាតាមផ្លូវនយោបាយនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានធ្វើខួបលើកទី៤២ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ក៏ប៉ុន្តែ២ធ្នូសម្រាប់ខ្ញុំមិនមែនមានត្រឹមតែ២ធ្នូមួយទេ។ សម្រាប់ខ្ញុំ មាន២ធ្នូរហូតដល់ទៅបីឯណោះ។ ២ធ្នូ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ១៩៧៨។ ប៉ុន្តែមាន២ធ្នូ ជំនួបចរចាលើកដំបូងរវាងខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅហ្វ៊ែរអង់តាដឺន័រ។ នេះក៏ជាព្រឹត្តិការណ៍២ធ្នូ ដែលទាក់ទងជាមួយនឹងសន្តិភាពរបស់យើង»។
សម្តេចមានប្រសាសន៍បន្តថា «២ធ្នូ ១៩៨៧ រហូតមកដល់២ធ្នូ ២០១៩ តើប៉ុន្មានឆ្នាំហើយ? វា៣២ឆ្នាំហើយ។ ខួប៣២ឆ្នាំ នៃការចរចាសីហនុ-ហ៊ុនសែន ដែលជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រ នៃការដោះស្រាយបញ្ហាកម្ពុជាតាមផ្លូវនយោបាយ ហើយរឿងនេះបើគ្មាន២ធ្នូ ១៩៧៨ វាក៏អត់មាន២ធ្នូ ១៩៨៧ដែរ។ បើអត់មាន២ធ្នូ ១៩៨៧ទេ ក៏អត់មានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា ១៩៩១ដែរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា មុំ៣នៃយុទ្ធសាស្ត្រត្រីកោណនេះ រួមមាន៖ មុំទី១ ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស, មុំទី២ ការធ្វើសមាហរណកម្មឲ្យបានឆាប់បំផុត ទៅក្នុងសហគមន៍អន្តរជាតិ និងមុំទី៣ គឺប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកផងដែរថា ដំណើរការចរចាបញ្ចប់សង្គ្រាមរវាងសម្តេច និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មានការលំបាកខ្លាំងណាស់ ព្រោះមានប្រទេសមួយចំនួនជំទាស់មិនចង់ឲ្យមានជំនួបចរចា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ។ សម្តេចតេជោអះអាងថា ក្នុងពេលចរចានោះ ភាគីខ្មែរត្រីភាគី និងភាគីរដ្ឋកម្ពុជា សូម្បីតែអង្គុយតុអាហារជាមួយគ្នា ក៏អង្គុយមិនបានផង ដែលជាហេតុឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ជាអ្នកសម្របសម្រួល៕