(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានថា មន្ត្រីណាដែលពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ដោយគ្មានភាពម្ចាស់ការ នឹងត្រូវដាក់ចូលឃ្លាំង មិនអាចឱ្យកាន់ការងារឡើយ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានពន្យលអំពីលក្ខណៈខុសគ្នារបស់មន្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋាន ដែលក្នុងនោះគឺមានមន្រ្តី១ប្រភេទពូកែតែរាយការណ៍ និងបន្ទោសកូនចៅ និងមន្រ្តីមួយប្រភេទទៀត គឺជាមន្រ្តីដែលមានភាពម្ចាស់ការ ដោះស្រាយបញ្ហានៅនឹងក្លែង ទោះបីជាមិនទាន់មានអន្តរាគមន៍ពីថ្នាក់លើក៏ដោយ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ឯមនុស្សប្រភេទទី២ គឺជាមនុស្សដោះស្រាយបញ្ហានៅហ្នឹងកន្លែង គឺរួមប្រាស្រ័យសុខទុក្ខជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហា។ ការអន្តរាគមន៍ពីខាងលើ គឺជារឿងមួយ ប៉ុន្តែការដោះស្រាយបញ្ហានៅហ្នឹងកន្លែង ទើបបង្ហាញពីសមត្ថភាពពិតប្រាកដ ហើយបើមន្រ្តីមិនដោះស្រាយគិតតែពីរាយការណ៍មន្រ្តីហ្នឹង បន្តទៅនឹងត្រូវយកទៅទុកដាក់ ដែលគេហៅថាបញ្ចូលឃ្លាំងទុកមួយកន្លែង មិនអាចបន្តឱ្យកាន់ការងារបន្តទៀតបានទេ»។
និយាយដល់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីករណីរលំបាក់អគារ៩ជាន់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩។ ពេលនោះ សម្តេចបានកោតសរសើរ អាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន ដែលបានរួមកម្លាំងម្ចាស់ការដោះស្រាយបញ្ហានៅនឹងកន្លែង ទោះបីជាមិនទាន់មានការអន្តរាគមន៍ពីថ្នាក់លើក៏ដោយ។
សម្តេចបានថ្លែងថា៖ «ខ្ញុំនិយាយដោយត្រង់ ខ្ញុំមានការសោកស្តាយ ពេលហ្នឹងជាពេលវេលាមួយ គឺរលំអគារបានប្រមាណជា២ម៉ោងផ្លាយ ខ្ញុំត្រូវចាកចេញទៅបាងកក កុំអីខ្ញុំចុះទៅផ្ទាល់ហើយ ប៉ុន្តែដោយសារខ្ញុំខានមិនបាន ដោយសារការប្រជុំនៅទីនោះ ប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធ ប៉ុន្តែខ្ញុំក៏បញ្ជាពីទីក្រុងបាងកកមកដែរ»។
សម្តេចតេជោបន្តថា៖ «អ្វីដែលខ្ញុំសោកស្តាយ គឺមន្រ្តីថ្នាក់ជាតិបាត់បង់អន្តរាគមន៍ ខ្ញុំកោតសរសើរមន្រ្តីមូលដ្ឋាន ដែលគេចុះរួមគ្នា ប្រមូលកម្លាំងដោះស្រាយនៅហ្នឹងកន្លែង។ ចំណុចទាំងនេះ បង្ហាញពីសមត្ថភាព ដោយមិនរង់ចាំថ្នាក់ជាតិចុះទៅទេ»។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបានទាន់ពេលវេលានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញថា បែងចែកមុខងារ ផ្ទេរមុខងារ និងបញ្ជូនអំណាចនោះ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា។
សម្តេចបញ្ជាក់ថា «ចំណុចនេះយើងបានឃើញថា យើងអន្តរាគមន៍ពីនេះទៅវាឆ្ងាយណាស់ ប៉ុន្តែបើយើងឱ្យអំណាចនេះ ទៅថ្នាក់មូលដ្ឋាន ថ្នាក់មូលដ្ឋាននឹងទទួលបន្ទុក ទទួលខុសត្រូវក្នុងការធ្វើ ប៉ុន្តែយើងត្រូវឱ្យមុខងារគេ ផ្តល់ភារកិច្ចឱ្យគេគ្រប់គ្រាន់ ធនធានមនុស្សឱ្យគេគ្រប់គ្រង ថវិកាក៏ត្រូវឱ្យគេ អញ្ចឹងបានខ្ញុំថា ឱ្យតែអំណាចខ្យល់ធ្វើអត់កើតទេ»។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កន្លងមកសម្តេចបានចុះហត្ថលេខាផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិតែម្តង ដោយមិនរង់ចាំក្រសួងផ្សេងៗនោះទេ ដោយប្រើពាក្យថា «ដូចចាំសេះដុះស្នែង»។ សម្តេចបានចារឱ្យសម្តេចក្រឡាហោម ស ខេង រៀបចំអនុក្រឹត្យដើម្បីសម្តេចចុះហត្ថលេខាផ្ទេរភារកិច្ច និងការទទួលខុសត្រូវដល់ថ្នាក់ក្រោមជាតិតែម្តង៕