(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឆ្លើយបតនឹងការរិះគន់លើកបណ្តាញសង្គម Facebook មួយចំនួន ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃតម្លៃស្រូវ និងបានបញ្ជាក់ថា នៅពេលនេះតម្លៃស្រូវរបស់បងប្អូន នៅតាមបណ្តាលខេត្ត ពិសេសខេត្តជាប់ព្រំដែនថៃ មានតម្លៃសមរម្យហើយ លើកលែងតែស្រូវអន់គុណភាពប៉ុណ្ណោះ។
ក្រសួងកសិកម្មបានពន្យល់ទាំងស្រុងយ៉ាងដូច្នេះថា «កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន បានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់ មកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងតម្លៃស្រូវគ្រប់ប្រភេទ មានការធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឱ្យសមស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករ។
ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ក្រុមហ៊ុនពាណិជ្ជករ សហគមន៍កសិកម្ម និងប្រជាកសិករទាំងអស់ជ្រាបថា តាមរយៈការស្រាវជ្រាវព័ត៌មានពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថានៅតាមបណ្តាខេត្តដែលបាន និងកំពុងមមាញឹកក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនបានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយអន្តរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើពិធីប្រកាសជាផ្លូវការរោងម៉ាស៊ីនកិនស្រូវដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករ និងធានាបាននូវស្ថិរភាពតម្លៃទីផ្សារស្រូវ អង្កររបស់ប្រជាកសិករ។
ព័ត៌មានដែលបានចុះផ្សាយខាងលើ គឺផ្ទុយពីការពិតដែលក្រសួងបាន និងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ជាហេតុធ្វើឱ្យសាធារណជន ដែលមិនយល់ហេតុផល មានការភាន់ច្រលំមកលើរាជរដ្ឋាភិបាលពិសេស មកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។