(ភ្នំពេញ)៖ «ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។ នេះជាការគូសបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្នុងឱកាសបិទសន្និបាតសហគមន៍អភិរក្សធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយតំបន់អភិរក្សដែលបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាបច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។
ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ មកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨សហគមន៍។
លោក សាយ សំអាល់ បានគូសបញ្ជាក់ក្នុងពិធីនោះថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថាន ចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិ ដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានប្រកាសដល់តំណាងសហគមន៍ទាំង១៦៨ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានថា ក្រសួងបានមូលនិធិបរិស្ថាន និងសង្គមដើម្បីផ្តល់ការគាំទ្រលើការងារអភិវឌ្ឍសហគមន៍ ដែលពួកគាត់អាចដាក់ពាក្យស្នើសុំដើម្បីយកទៅប្រើប្រាស់សម្រាប់ការពារសហគមន៍។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «ប្រសិនបើបងប្អូនប្រជាសហគមន៍មានគោលដៅច្បាស់លាស់ រាជរដ្ឋាភិបាលនឹងគាំទ្រកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍របស់យើងមានជីវភាពរីកចម្រើន។ ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះ ធ្វើយ៉ាងណាយើងនាំគ្នាជួយជំរុញនិងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន»។
លោករដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។ «ខ្ញុំជឿជាក់ថា បងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីអនាគត សហគមន៍ និងសូមលើកទឹកចិត្តអាជ្ញាធរខេត្តសហការឱ្យបានស្អិតរមួត និងសម្របសម្រួលជាមួយក្រសួងបរិស្ថាន និងសហគមន៍ដើម្បីអនុវត្តគម្រោងនានាអភិវឌ្ឍសហគមន៍»។
លោក សាយ សំអាល់ ដោយគូសបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានចង់ឃើញស្នាមញញឹម សាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំ កូនៗរបស់បងប្អូនប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅ រៀបចំសេដ្ឋកិច្ចសហគមន៍មានការរីកចម្រើន និងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»៕