(ភ្នំពេញ)៖ ភ្ញៀវកត្តិយសជាង៤០០នាក់ ដែលភាគច្រើនជាអ្នកជំនាញ និងអ្នកធ្វើការនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាលពីចុងសប្តាហ៍ បានជួបជុំគ្នា នៅនៃសណ្ឋាគារ សូហ្វីតែល ក្នុងពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៩។
នេះគឺជាឆ្នាំទី២ នៃការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ សម្រាប់វិស័យអចលនទ្រព្យ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួង សេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ដោយមានគោលបំណងសំខាន់ ចង់ជួយធ្វើឲ្យប្រសើរឡើង មានការគោរពទៅតាមវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យ តាមរយៈការទទួលស្គាល់ និងផ្ដល់តម្លៃទៅដល់ ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យឆ្នើម មកពីទូទាំងប្រទេសនោះ ចៅក្រមនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្បឆ្នាំ២០១៩ រួមជាមួយការបោះឆ្នោតជាសាធារណៈ បានរកឃើញជ័យលាភីចំនួន២៦។
គ្រប់ជយលាភីទាំងអស់ ត្រូវបានផ្តល់ឲ្យនូវត្រានៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ ផ្លាកតំណាងពណ៌មាស និងអ្វីដែលសំខាន់បំផុតនោះ គឺពានរង្វាន់និមិត្តរូបមួយ ដែលការរចនាពានរង្វាន់នេះ ត្រូវបានទទួលការជំរុញចិត្ត និងគំនិតផ្សេងៗពីស្ថាដៃរបស់បិតាស្ថាបត្យកម្មខ្មែរ គឺលោក វណ្ណ ម៉ូលីវណ្ណ។ ពានរង្វាន់ និងអ្វីៗទាំងអស់នេះ គឺជាភស្ដុតាងសបញ្ជាក់ពី ភាពជោគជ័យ និងការរួមចំណែករបស់ពួកគេ និងក្រុមហ៊ុនក្នុងការលើកកម្ពស់ស្ដង់ដារ ការអនុវត្តន៍ក្នុងវិស័យអចលនទ្រព្យកម្ពុជា។
ពានរង្វាន់និមិត្តរូប ដែលត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរចនាឡើងដោយទាញយកគំនិតចេញស្នាដៃសំខាន់ៗបីរបស់លោក វណ្ណ ម៉ូលីវណ្ណ។ ស្នាដៃទី១ គឺសាលសន្និសិទ្ធិចតុមុខ ដែលនៅខាងមុខអគារមានរចនាក្បាច់ត្រីកោណ និងស្នាដៃទី២ គឺ វិមានឯករាជ្យ ដែលចំណុចពិសេសផ្សេងៗនៃស្នាដៃទាំងពីរ អាចរកឃើញបាននៅផ្នែកខាងក្រោមនៃពានរង្វាន់និមិត្តរូប។ ចំណែកឯស្នាដៃទីបីនោះ គឺបណ្ណាល័យនៃវិទ្យាស្ថានភាសាបរទេស ដែលមានការរចនាម៉ូតជាសសរធរណីមាត្រ។ ចំនុចពិសេសនៃសសរធរណីមាត្រនោះ ត្រូវបានប្រើប្រាស់ ជាតួកណ្ដាលនៃពាន។
លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com បានថ្លែងថា ក្រុមការងាររបស់ Realestate.com រួមជាមួយ អ្នកតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់អចលនវត្ថុកម្ពុជា បានចំណាយពេលជាមួយគ្នា ដើម្បីរិះរកគំនិតក្នុងការរចនានូវពានរង្វាន់មួយ ដែលអាចក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ផង និងវិស័យអចលនទ្រព្យទាំងមូលផងដែរ។
លោកបានថ្លែងបន្ដថា «វាពិតជាឆាប់រហ័សមែនទែន, ពួកយើងបានគិតឃើញថា យើងគួរតែទាញយកគំនិតផ្សេងៗពីសំណង់វិមានដ៏អស្ចារ្យទាំងអស់នេះនៅកម្ពុជា សម្រាប់ការរចនាពានរង្វាន់របស់យើង ហើយនេះពិតជាមានមោទនភាពណាស់ក្នុងដាក់បញ្ចូលនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យ ដែលលោក វណ្ណ ម៉ូលីវណ្ណ បានបន្សល់ទុកឲ្យប្រទេស និងប្រជានជនកម្ពុជា។ ទន្ទឹមនឹងនោះ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងមានមោទនភាពដូចជាខ្ញុំ នៅពេលមើលឃើញពានរង្វាន់និមិត្តរូបមួយនេះ»។
លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានស្គាល់ថាជាបិតាសា្ថបត្យកម្មសម័យទំនើបរបស់កម្ពុជា លោក គឺជាមនុស្សសំខាន់ម្នាក់ ដែលបានរួមចំណែកយ៉ាងច្រើន ក្នុងការរៀបចំ និងរចនាគម្រោងផ្សេងៗសម្រាប់កម្ពុជា និងរាជធានីភ្នំពេញដូចបានឃើញសព្វថ្ងៃនេះ៕
ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.youtube.com/watch?v=evtdbkH7qWs