(សៀមរាប)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញលិខិតស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (REPEX -19) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ក្រសួងព័ត៌មានចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សាយឲ្យបានទូលំលាយពីសមយុទ្ធនេះ ដើម្បីដើម្បីចៀសវាងនូវការភ្ញាក់ផ្អើល និងមានការភាន់ច្រឡំ ពីសាធារណជននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមលិខិតនេះ បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise REPEX-19) ដោយធ្វើការហ្វឹកហាត់ សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា
និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប។
«ដើម្បីចៀសវាងនូវការភ្ញាក់ផ្អើល និងមានការភាន់ច្រឡំពីសាធារណជននៅទូទាំងប្រទេស ជាពិសេសដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តសៀមរាប និងភ្ញៀវជាតិ អន្តរជាតិដែលធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងខេត្តសៀមរាប ដែលនាំឲ្យជនឱកាសនិយមឆ្លៀតឱកាសធ្វើសកម្មភាព ឬផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដើម្បីបង្កចលាចលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះ ខ្ញុំសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពីការធ្វើលំហាត់សមយុទ្ធនេះ ឲ្យបានទូលំទូលាយ»។ លោក ខៀវ កាញារីទ្ធ គូសបញ្ជាក់៕