(កណ្ដាល)៖ បន្ទាប់ពីទទួលបានព័ត៌មានថា អតីតអធិការនគរបាលស្រុកកៀនស្វាយ លោក ប៉ា សំអិត មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញរួចមក នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានចាត់ឲ្យប្រតិភូតំណាងរូបលោក អញ្ជើញទៅសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន២១៥០,០០០រៀលជួយឧបត្ថម្ភ ដើម្បីសម្រួលក្នុងការព្យាបាលជំងឺ ។
ប្រតិភូស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរងទទួលផែនធនធានមនុស្ស។
ក្រុមគ្រួសារលោក ប៉ា សំអិត បានឲ្យដឹងថា លោក ប៉ា សំអិត មានអាការៈខ្សោយអស់កម្លាំងទន់ដៃទន់ជើង ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ ស្ថានភាពបានល្អប្រសើរវិញហើយ ប៉ុន្ដែពុំទាន់ចេញពីមន្ទីរពេទ្យវិញនោះទេ។
សូមបញ្ជាក់ថា លោក ប៉ា សំអិត ជាអតីតអធិការនគរបាលស្រុកកៀនស្វាយ ដែលត្រូវបានដាក់ឲ្យចូលនិវត្ដន៍ ហើយបច្ចុប្បន្នលោកបានបម្រើការងារជាក្រុមប្រឹក្សាស្រុកកៀនស្វាយផងដែរ ។
ជួសមុខឲ្យលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល លោក សេង គឹមឃន បានជូនពរលោក ប៉ា សំអិត ឲ្យឆាប់ជាសះស្បើយហើយ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញត្រូវខិតខំថែទាំសុខភាព។ ជាមួយគ្នានោះដែរ លោកស្នងការរងក៏បាននាំយកថវិកាចំនួន២,១៥០,០០០រៀល ប្រគល់ជូនដល់លោក ប៉ា សំអិត ទុកសម្រាប់សម្រួលព្យាបាលជំងឺ ។
លោក ប៉ា សំអិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងលោកស្នងការរងក៏ដូចជាមន្រ្ដីនគរបាលទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាមកសួរសុខទុក្ខ និងឧបត្ថម្ភទឹកប្រាក់ដល់រូបលោកផងដែរ៕