(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតលោកលោក ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង គម្រោងវិនិយោគលើវិស័យកសិកម្ម។ ជំនួបនេះ បានធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។
ក្នុងឱកាសនោះ លោក ZHAO Bo បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះគឺទី១៖ ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូង ដើម្បីធ្វើការវិនិយោគ និងទី២៖ សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែងដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
លោកបានបន្តថា ក្រុមហ៊ុន Coconut Paln Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ក្នុងមួយឆ្នាំអាចរកចំណូលបាន៤០០លានដុល្លារ ពីផលិតផលដូង ក្នុងមួយថ្ងៃប្រើប្រាស់ដូង៦០ម៉ឺនផ្លែ ប្រើនិយោជិក៦ពាន់នាក់ បាននាំចេញផលិតផលដូង ទៅកាន់៣៨ប្រទេស។ បច្ចុប្បន្នដោយសារផ្លែដូង ធ្វើឲ្យកសិករខេត្តហាយណាន មានការកែប្រែមុខមាត់ថ្មី ជីវភាពធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ។
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd រូបនេះ បានបន្ថែមទៀតថា ហេតុនេះហើយ បានជាក្រុមហ៊ុនសម្រេចចិត្ត មកសិក្សាលម្អិតបន្ថែម ដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ដែលទាមទារ ត្រូវការដីចំនួន១៤ពាន់ហិកតា។
តាមរយៈបច្ចេកទេស ទុនវិនិយោគបទពិសោធន៍ និងទីផ្សារ លោក ZHAO Bo សន្យាថា នឹងខិតខំអនុវត្តគម្រោងវិនិយោគនេះ ឲ្យទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាសមិទ្ធផលនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបានបញ្ជាក់ថា នឹងរៀបចំក្រុម ការងារបច្ចេកទេសមកកម្ពុជាម្តងទៀត ក្នុងពេលឆាប់ៗដើម្បីសិក្សាដីក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ទីផ្សារ និងច្រកនាំចេញ -ល-។ ចុងក្រោយលោក ZHAO Bo បានអញ្ជើញលោករដ្ឋមន្រ្តី ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីខ្សែច្រវាក់ផលិតកម្មដូង នៅខេត្តហាយណា ក្នុងពេលឆាប់ខាងមុខ។
លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍រីករាយ និងគាំទ្រចំពោះឆន្ទៈវិនិយោគលើដំណាំដូង និងបង្កើតរោងចក្រកែច្នៃដូងនៅកម្ពុជា ព្រោះថា វាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយ យកចិត្តទុកដាក់ លើលើកកម្ពស់កម្រិតជីវភាពរបស់កសិករ តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម កសិកម្ម អនុវត្តបច្ចេកវិទ្យាកសិកម្មទាន់សម័យ ថ្លៃដើមតិច បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសដំណាំដូង ដែលកសិករនិយមដាំតាមរបងផ្ទះ ហើយបច្ចុប្បន្នមានចំការធំៗទៀតផង។
លោករដ្ឋមន្រ្តីកសិកម្ម បានបញ្ជាក់ថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះ សមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថា ផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។ លោកបានជូនមតិ ដល់ក្រុមហ៊ុនថា៖
ទី១៖ ក្រុមហ៊ុនគួរសហការជាមួយប្រជាជន ឬម្ចាស់ចំការ ប្រមូលទិញផលិតផលតាមរយៈ Contract Farming ផ្តល់ពូជ បច្ចេកទេស និងជី ហើយបើអនុវត្តតាមរបៀបនេះ អាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។
ទី២៖ ប្រើប្រាស់ដីសប្បទានដែលមានស្រាប់ តែត្រូវសហការជាមួយសប្បទានិក ដែលមិនបានប្រើប្រាស់ឲ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។ លោកបានសម្តែងនូវការគាំទ្រលើគម្រោវិនិយោគនេះ ព្រោះចំណូលបានពីផលិតកម្មស្រូវ មិនអាចធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងលើកកម្ពស់កម្រិតជីវភាពបានឡើង។
ដូច្នេះ លោកចង់ឲ្យកសិករគិតគូ ប្តូរពីដំណាំស្រូវមកដាំដំណាំដូងវិញ ជាពិសេសកសិករនៅខេត្តកំពត និងតាកែវ។ លោកបញ្ជាក់ជូនក្រុមហ៊ុន ដោយទឹកចិត្តសប្បាយរីករាយថា ប្រសិនបើក្រុមហ៊ុនទទួលបានជោគ ជ័យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងប្រជាជនច្បាស់ជាសាទរ នឹងបន្តគាំទ្រ និងសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យបន្ថែមទៀត។
លោកជម្រាបជូនភ្ញៀវថា តបតាមការអញ្ជើញ លោកនឹងរកពេលសមស្រប ទៅធ្វើទស្សនកិច្ចក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ រួមជាមួយលោកអភិបាលខេត្តកំពតផងដែរ។ សរុបសេចក្តីមក លោករដ្ឋមន្ត្រី បានគាំទ្រយ៉ាង ពេញទំហឹង និងផ្តល់ក្តីសង្ឃឹម និងជឿជាក់ជូនក្រុមហ៊ុនថា ក្រសួងនឹងផ្តល់កិច្ចសហការពេញលេញ តាមគ្រប់រូបភាព ដើម្បីជួយសម្រួលដល់ការវិនិយោគដំណាំដូង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ សម្រេចបាន ជោគជ័យ៕