(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា នៅអាជ្ញាធរមីនកម្ពុជា។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតជប៉ុន បានកោតសរសើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតនូវរចនាសម្ព័ន្ធ គ្រប់គ្រង ដឹកនាំ និងចាត់តាំង ដ៏ល្អ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីដោះស្រាយផលប៉ះពាល់ដែលបានបន្សល់ទុកដោយសារសង្រ្គាមនាពេលកន្លងមក ជាពិសេស ការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងការជួយជនរងគ្រោះ ក៏ដូចជាគ្រួសារជនរងគ្រោះដោយសារមីន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូត បានក៏បញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងជួយដល់ជនរងគ្រោះដោយសារមីនផងដែរ។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលខិតខំប្រឹងប្រែងជ្រោមជ្រែងជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននេះ ដោយចំណាយថវិកាអស់យ៉ាងច្រើន៕