(ភ្នំពេញ)៖ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា នៅឆ្នាំ២០១៩នេះ រំពឹងថានឹងសម្រេចបានចំនួន១២០លានដុល្លារអាមេរិក កំណើននេះដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនយ៉ាងល្អប្រសើរ។
ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ របស់ទូរទស្សន៍ Fresh News លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារអេស៊ីលីដា បានបញ្ជាក់ថា «នៅក្នុងប្រតិបត្តិការរយៈពេល១១ខែ ឆ្នាំ២០១៩កន្លងមកនេះរបស់អេស៊ីលីដា ទទួលបានលទ្ធផល ដែលប្រាក់ចំណេញយើងគិតថា នៅឆ្នាំ២០១៩នេះ អាចប៉ាន់ប្រមាណថាបានប្រមាន១២០លានដុល្លារ ចំពោះគុណភាពទ្រព្យសកម្មរបស់យើង មានកម្រិតល្អជាងឆ្នាំមុន ដោយសារស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ មានលក្ខណៈល្អប្រសើរ»។
សម្រាប់នៅឆ្នាំ២០២០ បើទោះបីមានការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ អំពីការថមថយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្តី ក៏អនុប្រធាននាយកប្រតិបត្តិរូបនេះអះអាងថា ស្ថានភាពប្រាក់ចំណេញរបស់អេស៊ីលីដា មិនបានផលប៉ះពាល់អ្វីនោះទេ ដោយសារតែអតិថិជនរបស់អេស៊ីលីដា គឺជាសហគ្រាសធុនតូច ដែលការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា។ លោកស្រីជឿជាក់ថា ផលចំណេញរបស់អេស៊ីលីដា នៅឆ្នាំ២០២០ គឺមានភាពល្អប្រសើរដូចឆ្នាំ២០១៩ផងដែរ។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣.៦១ប៊ីលានដុល្លារអាមេរិក និងមូលធនសរុប៨៩៨.៥៦លានដុល្លារអាមេរិក, ទ្រព្យសកម្មសរុប៦.០៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប៤.២៤ប៊ីលានដុល្លារអាមេរិក។
សូមជម្រាបថា នៅឆ្នាំ២០១៨ ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ល្បីឈ្មោះមួយនៅកម្ពុជា ទទួលបានប្រាក់ចំណេញជាង៨៤លានដុល្លារអាមេរិក៕