(តាកែវ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនដល់សព លោកវរសេនីយ៍ទោ ខៀវ ទិដ្ឋា នាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
លោក ខៀវ ទិដ្ឋា ដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយជម្ងឺរោគាពាធ ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល និងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំចំនួន ១លានរៀល អង្ករ ១០០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ។ ដោយឡែក ថវិកាមិត្តរួមការងារចំនួន ៤០ម៉ឺនរៀល និង៤០ដុល្លារ, ថវិកាអធិកាដ្ឋាននគរបាលក្រុងដូនកែវចំនួន ៣០ម៉ឺនរៀល ដើម្បីប្រគល់ជូនលោកស្រី ស៊ុន សុភាព ត្រូវជាភរិយានៃសពស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំនូវការចូលរួមរមណទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផងដែរ ចំពោះការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃ និងបានចូលរួមសកម្មភាពយ៉ាងច្រើនក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕