(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ពេលមានជនជាតិចិនច្រើន ចូលមករកស៊ី និងរស់នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានការរិះគន់ជាហូរហែ ប៉ុន្តែនៅពេលដែលជនជាតិចិនទាំងនោះបានត្រឡប់ទៅវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បែរជាទទួលការរិះគន់ជាថ្មីម្តងទៀត។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «កាលដែលជនបរទេស ពិសេសចិនចូលមកច្រើន ក៏រដ្ឋាភិបាលទទួលរងសម្ពាធ ដល់ពេលចិនចេញទៅវិញ ក៏រដ្ឋាភិបាលទទួលរងសម្ពាធដែរ។ ប៉ុន្ដែយើងឥលូវនេះ កំពុងតែខិតខំរកវិធីមិច ដើម្បីគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅខេត្តកំពង់សោម (ព្រះសីហនុ)»។
ជនជាតិចិន ដែលជាអ្នកប្រកបរបរ និងលេងហ្គេមអនឡាញ (Game Online) នៅខេត្តព្រះសីហនុមួយចំនួន បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញ អ្នកខ្លះក៏ដូរមុខរបរ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទអាជីវកម្ម អនឡាញ (Game Online) នៅក្នុងប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរចិន ដែលមកកម្សាន្តនៅកម្ពុជា នៅតែបន្តកើនឡើង។
ការចាកចេញរបស់ជនជាតិចិនមួយចំនួននោះ បានធ្វើឱ្យម្ចាស់សណ្ឋាគារ និងប្រជាពលរដ្ឋដែលទទួលបានអត្ថប្រយោជន៍ពីជនជាតិចិនដែលរស់នៅក្នុងខេត្តព្រះសីហនុ មានការអះអន់ចិត្ត និងអះអាងថាធ្លាក់ចុះនូវចំណូលមួយចំនួន។
គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធើណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕