(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់ជនមានពិការភាព ត្រូវពង្រឹងស្មារតីក្លាហាន សេចក្ដីសង្ឃឹម និងជំនឿជាក់លើខ្លួនឯង កុំអស់សង្ឃឹម ដើម្បីឈានដល់ការប្រកបមុខរបរ ឬធ្វើការងារដែលស្របនឹងសមត្ថភាពខ្លួន និងអាចចូលបម្រើការងារនៅក្របខណ្ឌក្រសួងណាមួយដែលខ្លួនពេញចិត្ត។
លោកថ្លែងបែបនេះ នៅក្នុងពិធីអបអរទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំង ជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបទ» និងពិធីបិទវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជនមានពិការភាពជំនាន់ទី៣២ នៅមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជនមានពិការភាពបន្ទាយព្រាប ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកអភិបាលរងបន្តថា «ប្អូនៗត្រូវខិតខំរៀនសូត្រចំណេះដឹងទូទៅ បន្តរៀនសូត្រជំនាញវិជ្ជាជីវៈ ប្រើប្រាស់នូវសម្បទាដែលនៅមាន ពុះពារជម្នះរាល់ការលំបាក និងបង្កើតមុខរបរផ្ទាល់ខ្លួន និងបង្កើនសមត្ថភាពត្រៀមចូលបម្រើការងារតាមស្ថាប័ន រដ្ឋ រោងចក្រ សហគ្រាស តាមអត្រាកំណត់នៃច្បាប់ ដើម្បីបង្កើនចំណូលកសាងជីវភាពរស់នៅ ដោយមានឯករាជ្យម្ចាស់ការ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។
សូមបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានចែកបណ្ណសរសើរ និងរង្វាន់ដល់ជនមានពិការភាព ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ៕