(បាត់ដំបង)៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយលោកឧត្តមនាវាត្រី វីវ៉ាត់ ថងអាំផន នាយសេនាធិការ កងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារ នៅទីបញ្ជាការយោធភូមិភាគទី៥។
ក្នុងនាមមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះនាយសេនាធិការ និងគណៈប្រតិភូទាំងអស់ ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។ លោកបានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាព នៃភាគីទាំងពីរដែលមានភូមិផងរបងជាមួយគ្នា។
ជាមួយគ្នានេះ លោកឧត្តមនាវីត្រី វីវ៉ាត់ ថងអាំផន នាយសេនាធិការកងកម្លាំងការពារព្រំដែន ច័ន្ទបុរី-ត្រាត ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយ និងអះអាងថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពីនាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ច ចំពោះរូបលោក និងគណៈប្រតិភូ។
លោកឧត្តមនាវីត្រី បានបន្តថា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារ គ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវ តាមបណ្ដោយព្រំដែនជាប់គ្នា២ខេត្ត គឺខេត្តច័ន្ទបូរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ។ ជាមួយគ្នានេះ ហើយទើបធ្វើឲ្យបញ្ហានានា ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន នៃខេត្តទាំងពីរត្រូវបានដោះស្រាយដោយរលូន និងជោគជ័យ។
លោកឧត្ដមនាវីត្រី វីវ៉ាត់ ថងអាំផន ចាត់ទុកថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ក៏បង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភ័ក្រដ៏ល្អ តាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ និងឈានទៅមុខជាមួយគ្នា ក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមព្រំដែននៃប្រទេសទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕