(កណ្ដាល)៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានជំរុញ និងក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំកៀរគររកប្រភពធនធាននានាពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការជួយគាំទ្រគំរោងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ឃុំ-សង្កាត់នៅថ្នាក់ក្រុង-ស្រុកនាពេលខាងមុខនេះ ឲ្យទទួលបានការគាំទ្រគម្រោងបានកាន់តែច្រើនឡើង។
លោកអភិបាលរងខេត្ត បញ្ជាក់ដូច្នេះនៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២០-២០២២) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។
លោកបន្តថា វេទិការនេះមានបំណងសំខាន់ ដើម្បីបង្ហាញអំពីតម្រូវការក្នុងការអភិវឌ្ឍនៅមូលដ្ឋានទូទាំងខេត្ត និងធ្វើការសម្របសម្រួលបន្ស៉ីនូវតម្រូវការទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍរួមមាន៖ អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានាជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។
លោកអភិបាលរងខេត្តបានឲ្យដឹងថា សម្រាប់គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ (២០២០-២០២២) មានចំនួន ២៩៥គម្រោង ត្រូវការថវិកាចំនួន ៥៣១,៣៧៧ លានរៀល ស្មើនឹង ១៣២,៨៤៤,២៥០$ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ៣៥គម្រោង តម្រូវការថវិកាចំនួន ៤៦៤៣លានរៀល ស្មើនឹង ១,១៦០,៧៥០$ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកមានចំនួន ២៧៧គម្រោង តម្រូវការថវិកាចំនួន ៣០,២៧០លានរៀល ស្មើនឹង៧,៥៦៧,៥០០$ គម្រោងកម្មវិធីវិនិយោគសង្កាត់មាន ២៨៩គម្រោង តម្រូវការថវិកាប្រមាណ៦,៣៧០ លានរៀល ស្មើនឹង ១,៥៩២,៥០០$ និងគម្រោងកម្មវិធីវិនិយោគឃុំមាន ៩៦៤គម្រោង ត្រូវការថវិកាប្រមាណ ៥៧,៧៩១ លានរៀល ស្មើនឹង១៤,៤៤៧,៧៥០$៕