(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់ តាមរយៈសកម្មភាពជាក់ស្តែងក្នុងការអនុវត្តច្បាប់ អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តនានាលើជនមានពិការភាព។
នេះជាការលើកឡើងលោកស្រី លំ គន្ធារី អភិបាលរងខេត្ត ក្នុងឱកាសនៃការប្រារព្ធពិធីទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូឆ្នាំ ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន»។ ពិធីនេះធ្វើឡើងនៅស្រុកប្រាសាទសំបូរ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានពិការភាពប្រមាណ ៣០០នាក់។
លោកស្រី លំ គន្ធារី បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន តែងតែបានគិតគូរពីសុខទុក្ខបងប្អូនមានពិការភាពតាមរយៈសមិទ្ធផលធំៗជាច្រើន រួមមាន ការកសាងមជ្ឈមណ្ឌលស្ដារលទ្ធភាព ពលកម្មកាយសម្បទា មជ្ឈមណ្ឌលកុមារគរ-ថ្លង់ តំបន់អភិវឌ្ឍន៍លំនៅឋានជនមានពិការភាពគ្រប់ទីកន្លែង និងបានដាក់បញ្ចូលគម្រោងនេះ ទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋទៀតផង។
ពិសេសបានចូលរួមយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូន ក្មួយៗ មានពិការភាពព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទាការព្យាបាល ដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារនិងបង្ការពិការភាពការ អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាប និងភាសាសាញ្ញា ការរកការងារធ្វើ សកម្មភាពកីឡាសិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ ដៃគូនិងបន្តអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការលិខិត បទដ្ឋានគតិយុត្ត ក្រោមច្បាប់នានាជាធរមានឲ្យមានប្រសិទ្ធភាព ពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនពិការភាពផ្ទាល់ លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជននូវកាតព្វកិច្ចដែលមានចែង ក្នុងច្បាប់ ស្ដីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អង្គភាពស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការងារពិការភាព និងស្ដារលទ្ធភាពពលកម្មនៅគ្រប់ថ្នាក់ របស់ដោយប្រសិទ្ធភាពនិងចីរភាព។
លោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងថា ក្នុងខេត្តកំពង់ធំមានជនពិការភាពចំនួន ៣,៩៣០ នាក់ កុមារមានពិការភាពចំនួន ៥១៤ ជនមានពិការភាពជាអតីតយុទ្ធជនទទួលរបបគោលនយោបាយពីរដ្ឋាភិបាលក្នុងខេត្តកំពង់ធំសរុប ១,៣៨៧នាក់ ប្រពន្ធចំនួន ១,០៨១នាក់ កូន៣៧៨ នាក់អ្នកបម្រើ ២០នាក់៕