(ពោធិ៍សាត់)៖ គ្រួសារយុទ្ធជន និងអតីតយុទ្ធជនពិការចំនួន២២គ្រួសារ រស់នៅភូមិ ឯកភាព ឃុំថ្មដា និងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់កាកបាទក្រហមកម្ពុជា ដើម្បីប្រកបមុខរបរបង្កបង្កើនផល ប្រកបអាជីវកម្ម ខ្នាតតូច និងចិញ្ចឹមសត្វជាដើម។
លោក ម៉ម វន្ដ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានថ្លែងថា «ខ្ញុំ និងគ្រួសារ សប្បាយចិត្តណាស់ ដែលពេលនេះ ខ្ញុំទទួលបានប្រាក់កម្ចីពី កាកបាទក្រហមកម្ពុជា ដើម្បីយកទៅបង្កើតមុខរបរថ្មី»។
លោកបន្តថា «សព្វថ្ងៃខ្ញុំជាទាហាន និងដាំពោតជាមួយប្រពន្ធខ្ញុំ ដើម្បីរកប្រាក់ចំណូលបន្ថែម ចិញ្ចឹមបីបាច់កូនៗរបស់ពួកខ្ញុំ តែដោយដារតែគ្មានថវិកាគ្រប់គ្រាន់មុខរបបរបស់ខ្ញុំ មិនអាចទប់ទល់នឹងការចំណាយបានឡើយ ទើបចង់បានដើមទុនបន្ថែមដើម្បីបង្កើនមុខរបរ។ តែពេលនេះ ខ្ញុំមានសង្ឃឹមហើយ ពេលបានទទួលប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ពីកាកបាទក្រហមកម្ពុជា ដើម្បីទៅទិញដើមធូរ៉េន ក្រៅពីដាំពោត ហើយពួកខ្ញុំប្តេជ្ញា ខិតខំធ្វើឲ្យមុខរបរមួយនេះមានការរីកចម្រើន»។
ជាមួយគ្នានោះដែរ លោកស្រី ផៃ ស៊ីនួន និងស្វាមី បានលើកឡើងផងដែរថា «ពួកយើងទាំងពីរនាក់សប្បាយចិត្តណាស់ ពួកខ្ញុំបានលុយធ្វើដើមទុនរកស៊ីហើយ ដោយយកថវិកា ដែលជាប្រាក់កម្ចីនេះ ទៅដំាដូង ដើម្បីរកចំណូលបន្ថែមទៀត។ ខ្ញុំនឹងខិតខំប្រឹងប្រែងបង្កើនផល ឲ្យកាន់តែច្រើន ដើម្បីឱ្យជីវភាពធូរធារ កុំឲ្យខ្វះខាតដូចពេលនេះ»។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ទាំង២២គ្រួសារ ក៏បានថ្លែងអំណរគុណដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីកូនចៅគ្រប់ពេលវេលា គ្រប់គ្រាលំបាកទាំងអស់ ដោយធ្វើយ៉ាងណាសម្រួល ដោះស្រាយបញ្ហាជូនកូនៗផុតពីទុក្ខវេទនា និងជួយលើកស្ទួយជីវិតរបស់កូនចៅគ្រប់ៗគ្នា ដោយមិនទុក្ខណាម្នាក់ចោលនោះឡើយ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ប្រាក់កម្ចី នៅថ្ងៃ១៥-១៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានថ្លែងឱ្យដឹងថា «ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្ដេចតែងតែស្វែងយល់គ្រប់ការលំបាក របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ពលរដ្ឋក្រីក្រ ចង់បង្កើតមុខរបរ តែខ្វះដើមទុន» ។
លោកស្រីបានបន្តថា ដូច្នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្រេចបង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ ទៅដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត និងត្រូវការជាចាំបាច់ ដើម្បីបង្កើត និងបង្កើនមុនរបរបន្ថែមទៀត តាំងពីឆ្នាំ២០០១។
សម្រាប់ខេត្ដពោធិ៍សាត់ បានចាប់ផ្ដើមផ្ដល់ប្រាក់កម្ចី នៅឆ្នាំ២០០២ ដោយផ្ដល់ជូនពលរដ្ឋនៅតំបន់ស្រុកក្រវាញ និងវាលវែង ខេត្ដពោធិ៍សាត់នេះ ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើន ។ហេតុនេះ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋយើង ចៀសផុតពីចូលព្រៃធ្វើចំការ បោចវល្លិ៍ និងរបរផ្សេងទៀត នៅក្នុងព្រៃភ្នំ។
មកទល់នឹងពេលនេះ ពលរដ្ឋនៅខេត្ដពោធិ៍សាត់នេះ ចំនួន៧៣៥គ្រួសារហើយ ដែលទទួលបានប្រាក់កម្ចីគ្មានការប្រាក់របស់ កាកបាទក្រហមកម្ពុជា និងយកទៅប្រើប្រាស់ទៅតាមគោលការណ៍ ដើម្បីបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូជាដើម។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា ក៏បាននាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្ត ដល់គ្រួសារយុទ្ធជនទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវការកោតសរសើរ ដល់យុទ្ធជនជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ ទៅបម្រើជាតិ មាតុភូមិ រីឯភរិយា រស់នៅផ្ទះខិតខំ ប្រកបរបរ និងពង្រីកមុខរបរ ចិញ្ចឹមកូនដើម្បីអនាគតរុងរឿង។
សូមជម្រាបថា បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕