(ភ្នំពេញ)៖ ក្តារកុងផ្លាកកេកំពុងមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសំណង់ ហើយកម្ពុជាបាននាំចូលពីប្រទេសជិតខាងស្ទើរតែទាំងស្រុង ដើម្បីបំពេញតម្រូវការនេះ។ ដោយមើលឃើញពីតម្រូវការខ្ពស់នៃការប្រើប្រាស់ក្តារកុងផ្លាកកេនេះ ក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH) និងក្រុមហ៊ុនអង្គរផ្លាយវូដ (Angkor Plywood) បានចាប់ដៃគ្នាដំណើរការផលិតក្តារកុងផ្លាកកេនោះឡើង។
ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជារយៈពេលប្រមាណជា៤ឆ្នាំមកហើយ។ បច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រផលិត លទ្ធផលពាក់កណ្តាលសម្រេចមួយកន្លែង ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម និងរោងចក្រមួយទៀត ដែលជាកន្លែងផលិតផលិតផលសម្រេចនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។
នៅក្នុងសប្តាហ៍កន្លងទៅនេះក្រុមការងារផលិតព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News បានចុះទៅកាន់ទីតាំងរោងចក្រផលិតផលិតផលពាក់កណ្តាលសម្រេច នៅក្នុងក្រុងកំពង់ចាម ដើម្បីស្វែងយល់ពីចង្វាក់ផលិតកម្មរបស់រោងចក្រ។ នៅក្នុងរោងចក្រនោះគេបានមើលឃើញថា រោងចក្រកំពុងដំណើរការយ៉ាងសកម្មក្នុងការច្នៃឈើចេញជាក្តារកុងផ្លាកកេ។
លោក មិល វុទ្ធី អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រខាងលើ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រោងចក្រនៅក្នុងខេត្តកំពង់ចាមនេះ បានបើកដំណើរការរយៈពេលប្រមាណជា៤ឆ្នាំមកហើយ។ រោងចក្រនេះមានតួនាទីក្នុងការក្រឡឹងឈើចេញបន្ទះៗ និងសម្ងួតមុននឹងបញ្ជូនទៅកាន់រោងចក្រនៅស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីផលិតជាផលិតផលសម្រេចចុងក្រោយ និងបញ្ចេញលក់លើទីផ្សារ។
លោក មិល វុទ្ធី បានគូសបញ្ជាក់ថា នៅក្នុងរោងចក្រនេះអាចផលិតសន្លឹកឈើបានប្រមាណជា ១០០គូបក្នុងមួយថ្ងៃ ហើយឈើដែលយកមកច្នៃធ្វើជាក្តារកុងផ្លាកកេនេះ មានដូចជាដើមកៅស៊ូ ដើមគ និងដើមអាកាស្យាជាដើម។
អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រនេះ បានឱ្យដឹងដែរថា ដោយសារតែតម្រូវការទីផ្សារក្តារកុងផ្លាកកេនៅកម្ពុជានាពេលបច្ចុប្បន្នមានអត្រាខ្ពស់នោះ ដូច្នេះការផលិតក្តារកុងផ្លាកកេមិនជួបបញ្ហាក្នុងការលក់នោះឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់រោងចក្រ គឺពិបាកក្នុងការរកឈើមកកែច្នៃ។
បើតាមលោក មិល វុទ្ធី បច្ចុប្បន្នក្រុមហ៊ុនបានប្រមូលទិញដើមកៅស៊ូ និងដើមគរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមមកច្នៃធ្វើជាក្តារកុងផ្លាកកេនេះ។ ក្នុងនោះដើមគរបស់ប្រជាពលរដ្ឋត្រូវបានក្រុមហ៊ុនប្រមូលទិញអស់ៗផងដែរ។
ដើមគរជារុក្ខជាតិមួយប្រភេទដែលពីដើមឡើយមិនសូវជាមានតម្រូវការនោះឡើយ ប្រជាពលរដ្ឋដាំដើម្បីយកតែសំឡីប៉ុណ្ណោះ រីឯដើមវិញភាគច្រើនទុកចោល។ តែបច្ចុប្បន្នដើមគរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមត្រូវបានក្រុមហ៊ុនប្រមូលទិញជាមួយតម្លៃសមរម្យ។ លោក វុទ្ធី បានឱ្យដឹងថា ដើមគត្រូវបានក្រុមហ៊ុនប្រមូលទិញក្នុងមួយគូបតម្លៃជាង ២០ដុល្លារ។
លោក វុទ្ធី បានអះអាងថា ដើមគដែលប្រជាពលរដ្ឋធ្លាប់តែទុកចោលនោះ បច្ចុប្បន្នកំពុងធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលកម្រៃខ្ពស់ ដែលអ្នកខ្លះអាចលក់បានដល់ខ្ទង់ម៉ឺនដុល្លារថែមទៀតផង។
ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសង្វាក់ផលិតកម្មរបស់ខ្លួន លោក វុទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីទំនេរចោលនាំគ្នាដាំដើមគលក់ទៅឱ្យក្រុមហ៊ុន។ លោក វុទ្ធី បានអះអាងថា ក្រុមហ៊ុននឹងប្រមូលទិញទាំងអស់ជាមួយតម្លៃសមរម្យ។
ឆ្លើយនឹងសំណួរថាតើក្រុមហ៊ុនប្រមូលទិញអស់ដែរឬទេ នៅពេលប្រជាពលរដ្ឋដាំកាន់តែច្រើននោះ? អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្តារកុងផ្លាកកេលើទីផ្សារនាពេលបច្ចុប្បន្នមានតម្រូវការខ្ពស់ណាស់ ដូច្នេះទោះមានដើមគច្រើនប៉ុណ្ណា ក៏ក្រុមហ៊ុនប្រមូលទិញដែរ។
វត្តមានរោងចក្រកែច្នៃឈើធ្វើជាក្តារកុងផ្លាកកេនេះ មិនត្រឹមតែរួមចំណែកជួយកាត់បន្ថយការនាំចូលក្តារកុងផ្លាកកេពីក្រៅប្រទេស និងជួយជំរុញដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ។ តែក៏បានរួមចំណែកផ្តល់ការងារ និងលើកកម្ពស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមផងដែរ។
បើតាមលោក វុទ្ធី បច្ចុប្បន្នរោងចក្រនៅក្នុងខេត្តកំពង់ចាម បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ជាមួយប្រាក់ឈ្នួលចន្លោះពី ២៥០ដុល្លារ រហូតដល់ ១,០០០ដុល្លារ។ កម្មករដែលបម្រើការងារនេះ ភាគច្រើនជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមតែម្តង។
ប្រជាពលរដ្ឋដែលមានដើមគហើយចង់លក់ទៅក្រុមហ៊ុនសូមទាក់ទងទូរស័ព្ទលេខ៖ ០៩៧ ២៤៩ ៩៨៨៩៕