(រតនគិរី)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីទាំងក្នុងក្រុងបានលុង និងទីជនបទកំពុងតែមានការរីករាយសាទរជាខ្លាំង ចំពោះសកម្មភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅដើមរដូវប្រាំងនេះ ដែលមន្ទីរបាន និងកំពុងមមាញឹកក្នុងការជួសជុលកែលម្អផ្លូវដែលខូចខាតកាលពីរដូវភ្លៀងកន្លងទៅរួចរាល់ជាស្ថាពរដោយធ្វើការស្តារលូ កាយប្រឡាយដាក់ប្រព័ន្ធលូរួមទាំងការស្តារ ថែទាំ និងស្ថាបនាផ្លូវទៅកាន់បណ្តាស្រុកមួយចំនួនទៀតផងដែរ។
លោក សាយ សាមាន ប្រធានស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលទើបហ្នឹងឡើងកាន់តំណែងថ្មីបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៧ ខែធ្នូនេះ នៅការដ្នានជួសជុលផ្លូវថា លោក និងសហការីទាំងអស់ប្តេជ្ញា នឹងកែសម្រួលផ្លូវថ្នល់ក្នុងខេត្តដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរឲ្យបានកាន់តែល្អប្រសើរឡើង ក្នុងការសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផល និងតភ្ជាប់ផ្លូវពីតំបន់មួយទៅតំបន់មួយ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤។
ក្នុងឱកាសនោះទៀតដែរ លោកប្រធានមន្ទីរស្តីទីរូបនេះ បានបញ្ជាក់ថាសព្វថ្ងៃក្រុមការងារមន្ទីរកំពុងតែមមាញឹក បែងចែកក្រុមការងារពីបួនទៅប្រាំបីគោលដៅជារៀងរាល់ថ្ងៃ នៅតាមបណ្តាស្រុក និងក្រុងដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅហ្នឹងសេចក្តីត្រូវការក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសឲ្យរួចរាល់បានមុនពេលរដូវភ្លៀងចូលមកដល់។
ជាមួយគ្នានោះលោក សាយ សាមាន ក៏បានសូមអភ័យទោសដល់ប្រជាពលរដ្ឋទាំងអស់ ដោយសារកន្លងមកជារដូវវស្សាធ្វើឲ្យកន្លែងខ្លះមានជំនន់ទឹកភ្លៀងណាមួយជាតំបន់ភ្នំហេតុនេះ ផ្លូវមួយចំនួនមានការខូចខាតបណ្តាលឲ្យប្រជាពលរដ្ឋ មានការពិបាកធ្វើដំណើរទៅមកដោយឡែកក្នុងឆ្នាំនេះ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីលោក ថង សាវុន អភិបាលខេត្ត មន្ទីរកំពុងតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីបំរើដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាមិនឲ្យពួកគាត់មានការលំបាកទៀតឡើយ៕