(ភ្នំពេញ)៖ ក្នុងពេលរស់នៅប្រទេសកម្ពុជាប្រមាណ ១៥ឆ្នាំមកនេះ លោក ម៉នរ៉ូ សំណាង បានបង្ហាញពីក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះខេត្តកំពត ដែលជាទឹកដីពោរពេញទៅដោយទេសភាព ធម្មជាតិយ៉ាងស្រស់បំព្រង រីឯប្រជាពលរដ្ឋក៏មានភាពរួសរាយរាក់ទាក់ ពិសេសគឺកត្តាសុខសន្តិភាព និងស្ថិរភាពទូទាំងប្រទេស។
ទន្ទឹមនឹងក្ដីស្រលាញ់នេះ ជនជាតិបារាំងដែលអាចនិយាយភាសាខ្មែរស្ដាប់គ្នាបានរូបនេះ ក៏បានជួយចូលរួមអភិវឌ្ឍន៍សង្គមក្នុងមូលដ្ឋានផងដែរ ដោយលោកបានបើកភោជនីយដ្ឋានសមល្មមមួយនៅជាប់ដងព្រែកកំពង់បាយ ស្ថិតនៅទីរួមខេត្តកំពត មានឈ្មោះថា «ភោជនីយដ្ឋានផ្សារត្រី ឬ The Fish Market Restaurand» ដែលបានផ្ដល់ឱកាសការងារមួយចំនួនដល់យុវជនខ្មែរ និងមានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈជូនភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅខេត្តកំពតនេះ។
លោក សំណាង បានបើកភោជនីយដ្ឋានផ្សារត្រីនេះរយៈពេលជាង៣ឆ្នាំមកហើយ ដោយក្នុងនោះមានបម្រើសេវាកម្មម្ហូបអាហារបែបខ្មែរផង និងបែបបរទេស (លោកខាងលិច) ផង។
លោក ម៉នរ៉ូ សំណាង ពិតជាមានសណ្ដានចិត្តល្អណាស់ចំពោះការចូលរួមជួយសង្គមខ្មែរ។ ខណៈដែលពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពត បាននិងកំពុងខិតជិតមកដល់់នោះ លោកក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួល និងស្វាគមន៍វត្តមានភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់គ្នានៅប្រទេសកម្ពុជា សូមមកទស្សនាកម្សាន្តនៅខេត្តកំពតឱ្យបានច្រើនកុះករ នាឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នាចុងឆ្នាំ២០១៩នេះ»។
លោកបានបន្តថា «ទីក្រុងកំពត ពោរពេញដោយបរិយាកាសសប្បាយរីករាយ ជាមួយនឹងទេសភាពភ្នំ ព្រែក សមុទ្រដ៏ស្រស់បំព្រង បរិស្ថានល្អបរិសុទ្ធ រីឯប្រជាជនក៏មានភាពរួសរាយរាក់ទាក់ផងដែរ ហើយខ្ញុំក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះដូចគ្នា»។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»៕