(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានជូនដំណឹងថា ខ្លួននឹងជួសជុលសំណង់ឡៅតឿក្នុងផ្សារអូរឫស្សីឡើងវិញ បន្ទាប់ពីឡៅតឿនេះ មានសភាពបែកប្រេះស្រាំ។
ក្នុងសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់អគារផ្សារអូរប្ញស្សី ដែលមានរយៈពេលយូរឆ្នាំមកហើយនោះ នៅមានលក្ខណៈរឹងមាំនៅឡើយ។ លើកលែងតែសំណង់ឡៅតឿ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ហើយប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលកើតមានឡើងជាយថាហេតុ។
រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការផ្ទេរការលក់ដូរជាបណ្តោះអាសន្ននេះ ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យអាជីវករ បានត្រឡប់ចូលមកលក់ដូរ នៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា សាធារណជន និងអាជីវករ នៅក្នុងផ្សារអូរឫស្សីទាំងអស់ បានយល់ពីស្ថានភាពជាក់ស្តែងនេះ និងសហការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕