(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អ្នកដែលសិក្សាភាសាជប៉ុន គឺជាមនុស្សជំនាន់ក្រោយដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែមានភាពរឹងមាំឡើង។
ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលលោក រួមជាមួយ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សជំនាន់ទី១ និងបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ របស់សាលាភាសាជប៉ុន ម៉ាណាប៊ុ នៅវិទ្យាល័យជា ស៉ីម បឹងកេងកង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោក ហង់ ជួនណារ៉ុន បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងសិក្សាបន្តទៀត និងបានថ្លែងអំណរគុណដល់លោក Yanai Manabu ដែលបានជួសជុលអគារសិក្សាចំនួន២ខ្នង និងរៀបចំថ្នាក់បង្រៀនភាសាជប៉ុន ដល់សិស្សានុសិស្សទាំងអស់ ដើម្បីត្រៀមខ្លួនឲ្យបានល្អ សម្រាប់ធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន នាពេលអនាគតផងដែរ។
ដោយឡែក លោក Mikami Masahiro បានថ្លែងអបអរសាទរ ដល់សិស្សជំនាន់ទី១ នៃសាលាម៉ាណាប៊ុ ដែលបានបញ្ចប់ការសិក្សាដោយភាពជោគជ័យ។ លោកថែមទាំងបានសម្តែងភាពសប្បាយរីករាយជាខ្លាំង ដោយបានឃើញកូនខ្មែរជាច្រើន អាចនិយាយភាសាជប៉ុនបាន។
ឯកអគ្គរាជទូត បានរំលឹកសិស្សទាំងអស់ថា បើសិនជាចង់ទៅធ្វើការនៅប្រទេសជប៉ុន ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏មិនត្រូវភ្លេចរៀនពីទំនៀមទម្លាប់ប្រពៃណី វិន័យ ក៏ដូចជាចំណុចសំខាន់ជាច្រើនទៀតឲ្យបានល្អ។ លោកក៏បានជូនពរឲ្យមិត្តភាពរវាងកម្ពុជា និងជប៉ុន កាន់តែមានភាពរីកចម្រើនផងដែរ។
លោក Yanai Manabu នាយកសាលាភាសាជប៉ុនម៉ាណាប៊ុ បានឲ្យដឹងថា សាលាភាសាជប៉ុនម៉ាណាប៊ុ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតក្នុងអគារ នៃវិទ្យាល័យ ជា ស៉ីម បឹងកេងកង ដោយទទួលបានការគាំទ្រ ពីក្រសួងអប់រំកម្ពុជា។ សាលានេះ បង្រៀនដល់កូនខ្មែរទាំងអស់ ដោយមិនគិតប្រាក់ឡើយ។
លោកបន្ថែមថា ក្នុងមួយវគ្គសិក្សា របស់សាលាម៉ាណាប៊ុ មានរយៈពេល២ឆ្នាំ ហើយសិស្សដែលអាចរៀនបាន ត្រូវមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ ហើយត្រូវតែអាចអាន និងសរសេរអក្សរខ្មែរបាន។ លើសពីនេះ សាលាក៏មានផ្តល់ជាកន្លែងស្នាក់នៅ ដល់សិស្សដែលមានពីតាមបណ្តាខេត្តនានាផងដែរ៕