(ភ្នំពេញ)៖ ក្នុងន័យចែករំលែកបទពិសោធន៍ដល់អ្នករកស៊ីជំនាន់ក្រោយ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ងួន ម៉េងតិច បានណែនាំឲ្យអ្នករកស៊ីជាថៅកែក្រុមហ៊ុន និងបុគ្គលិកបម្រើការងារនៅទីណាក៏ដោយ គឺត្រូវតែមានការខិតខំធ្វើការងាររួមគ្នាជាធ្លុងមួយ ដើម្បីឲ្យក្រុមហ៊ុនដំណើរការទៅមុខ និងរីកចម្រើន។ ហើយមួយវិញទៀត គឺត្រូវអភិវឌ្ឍន៍សមត្ថភាព លើមុខជំនាញរបស់ខ្លួនបន្ថែមជាប្រចាំផងដែរ។
លោកថ្លែងបែបនេះក្នុងកម្មវិធី ចែកពានរង្វាន់ និងប្រាក់រង្វាន់ជូនដល់តំណាងចែកចាយ របស់ក្រុមហ៊ុនគ្រឿងសម្អាង Royada និងមានតំណាងចែកចាយឆ្នើមចំនួន២៧នាក់ មកពីទូទាំង២៥ខេត្តក្រុងនារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោកឧកញ៉ា ងួន ម៉េងតិច បានថ្លែងថា កោតសសើរដល់ក្រុមហ៊ុនគ្រឿងសម្អាង Royada ដែលមានសមត្ថភាពពង្រឹងខ្លួនមកដល់សព្វថ្ងៃនេះ ហើយមានបុគ្គលិក និងតំណាងចែកចាយរបស់ខ្លួនជាច្រើន ហើយលើសពីនេះ។ លោកក៏ចូលរួមលើកទឹកចិត្តដល់តំណាងចែកចាយឆ្នើមចំនួន២៧នាក់ និងជំរុញឲ្យបុគ្គលិកតំណាងចែកចាយផ្សេងៗទៀតខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យខ្លួនទទួលបានជោគជ័យផងដែរ។
លោក វូ ផេងឃាង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាដា បានប្រាប់ឲ្យដឹងថា នេះជាឆ្នាំទី៣ហើយដែលក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើង ដោយឆ្នាំនេះគឺរៀបចំធំជាងឆ្នាំមុនៗ និងមានការផ្តល់ជូនតំណាងចែកចាយឆ្នើម២៧រូប ដែលមានការរីកចម្រើនវិវត្តន៍ខ្លួនទៅមុខបានយ៉ាងលឿនគួរឲ្យកត់សម្គាល់ដូចសព្វថ្ងៃនេះ ហើយលើសពីនេះក្រុមហ៊ុន ក៏មានការផ្តល់ជូននូវថវិកា និងកាដូជាច្រើនទៀត។
ដោយឡែកលោកស្រី អ៊ុក លីដា ដែលជាអគ្គនាយិកាក្រុមហ៊ុន បានប្រាប់ឲ្យដឹងស្រដៀងគ្នាថា ក្រុមហ៊ុនលោកស្រីបាននាំចូលផលិតផលមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកផង និងផ្តល់ជូនអតិថិជននៅភាពស្រស់ស្អាតផង ដោយផលិតផលភាគច្រើន គឺនាំចូលពីថៃ និងកូរ៉េ ហើយបើគិតមកដល់ពេលនេះ តំណាងចែកចាយសរុបចំនួន១ម៉ឺននាក់ មានតំណាងចែកចាយទូទាំងប្រទេស និងតំណាងចែកចាយនៅក្រៅប្រទេស ដែលមាននៅជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, និងចិនផងដែរ។
លោកស្រីបន្ថែមថា នៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនបាននាំចូលផលិតផលជាច្រើនទៀត មកចរាចរណ៍នៅលើទីផ្សារកម្ពុជា និងផ្តល់ជូនតំណាងចែកចាយនៅកម្ពុជា និងនៅក្រៅប្រទេស លើសពីនេះជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែមានរៀបចំកម្មវិធីជួបជុំ តំណាងចែកចាយ ផ្តល់ពានរង្វាន់ថវិកា និងកាដូផ្សេងៗ ដើម្បីជាការលើកទឹកចិត្ត ដល់តំណាងចែកចាយរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Royada ជាក្រុមហ៊ុនគ្រឿងសំអាង ដែលកំពុងមានទីផ្សារល្បីកក្រើក ដែលមានការទទួលស្គាល់ត្រឹមត្រូវ ពីគ្រប់ក្រសួងពាក់ព័ន្ធ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ នូវផលិតផលដែលមានគុណភាពខ្ពស់ និងជួយព្យាបាលថែរក្សាសម្រស់ មានដូចជាឈុតកក់សក់ ឈុតថែរក្សា និងព្យាបាលស្បែកមុខ ឈុតលាបខ្លួន ឈុតព្យាបាលបញ្ហាក្លៀក៕